MGI មិនគោរពតាមកាលវិភាគដែលបានដាក់ចេញ ធ្វើតាមតែចិត្តនឹកឃើញ រួចថាអ្នករៀបចំរបស់កម្ពុជាអត់ស្តង់ដារ
ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីប្រកួតសម្រស់លំដាប់អន្តជាតិ Miss Grand International ឆ្នាំ ២០២៤ នេះ មហាជនបានជ្រាបហើយ គឺមានការសហការរួមគ្នាដោយប្រទេសថៃ និង ប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះ។
ចំពោះការចាប់ដៃគ្នារវាងប្រទេសទាំងពីរធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏អស្ចារ្យ MGI 2024 នេះដែរ កម្មវិធីក៏បានធ្វើការបែងចែកកាលវិភាគយ៉ាងច្បាស់លាស់សម្រាប់ប្រទេសថៃ និង ប្រទេសកម្ពុជា ដើម្បីសហការគ្នាក្នុងរៀបចំកម្មវិធីប្រកួត។
តាមរយៈកាលវិភាគនៃការរៀបចំកម្មវិធីប្រកួត MGI 2024 នេះ បានឱ្យដឹងថាប្រទេសកម្ពុជាយើង ទទួលបានសិទ្ធិរៀបចំការប្រកួតចំនួន ១២ ថ្ងៃ គឺចាប់តាំងពីថ្ងៃទី ៣ ដល់ទី ១២ ខែតុលា ឆ្នាំ ២០២៤ ដោយមានការរៀបចំកម្មវិធីផ្សេងៗទៅតាមថ្ងៃនីមួយៗ ដោយមានការទទួលស្វាគមន៍បេក្ខភាពបវរកញ្ញាទាំង ៧៥ ប្រទេស មានការរៀបចំកម្មវិធីបំពាក់ឈៀង កម្មវិធីប្រកួតវគ្គឈុតហែលទឹក និង ការធ្វើដំណើរទស្សនកិច្ចផ្សេងៗនៅទីក្រុងភ្នំពេញ ព្រមទាំងលើទឹកដីខេត្តសៀមរាបផងដែរ។
ដោយឡែក ក្រោយពីកម្មវិធីចាប់ផ្ដើមដំណើរការលើទឹកដីកម្ពុជាបានរយៈពេល ៤ ថ្ងៃ ស្រាប់តែមកដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ នេះ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលបានកើតឡើងជុំវិញការរៀបចំកម្មវិធីប្រកួត ដោយខាងស្ថាប័នអន្តរជាតិ MGI ធ្វើការប្រកាសថា កម្ពុជាមិនអាចបន្តធ្វើជាម្ចាស់ផ្ទះរបស់កម្មវិធីទៀត រីឯខាងស្ថាប័ន MGC ក៏បានប្រកាសបញ្ចប់ការរៀបចំកម្មវិធីដូចគ្នា។
ស្របពេលខាងកម្មវិធី MGI និង ស្ថាប័ន MGC បានបញ្ចប់ការសហការគ្នារៀបចំកម្មវិធីប្រកួត MGI 2024 នេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកលើបណ្ដាញសង្គម ដែលមានការបង្ហោះវែកញែកខ្លាំងពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាទូទាំងប្រទេស។
ជុំវិញរឿងរ៉ាវដែលបានកើតឡើងនេះដែរ អ្នកគាំទ្រវិស័យបវរកញ្ញាក៏បានដឹងខ្លះៗមកហើយ ក្រោយពីអ្នកគ្រប់គ្រងស្ថាប័ន MGC អ្នកស្រី អ៊ឹម សុគន្ធា និង ក្រុមការងារ បានធ្វើការឡាយវីដេអូនិយាយរៀបរាប់រឿងរ៉ាវ ក៏ដូចជាមូលហេតុជាច្រើន ដែលបានកើតឡើងរហូតមានការបញ្ចប់ការរៀបចំកម្មវិធីនេះ ដែលផ្ដោតសំខាន់លើការមិនឱ្យតម្លៃ និង មើលងាយដល់ក្រុមការងាររបស់កម្ពុជាពីខាងម្ចាស់កម្មវិធី MGI។
លើសពីនេះ តាមរយៈការឡាយវីដេអូបកស្រាយរបស់ម្ចាស់ស្ថាប័ន MGC និង ក្រុមការងារ ព្រមទាំងការមើលតាមរយៈកាលវិភាគនៃសិទ្ធិរៀបចំកម្មវិធីនៅកម្ពុជា បានឱ្យដឹងថាខាងកម្មវិធីអន្តរជាតិ MGI គឺមិនបានគោរពតាមកាលវិភាគដែលបានដាក់ចេញឡើយ ដោយម្ចាស់ស្ថាប័នអន្តរជាតិធ្វើតាមតែចិត្តនឹកឃើញរបស់ខ្លួន បញ្ជាឱ្យរៀបចំនេះរៀបចំនោះលើសពីកាលវិភាគ ហើយបែរជាថាឱ្យក្រុមការងារកម្ពុជារៀបចំគ្មានស្ដង់ដារទៅវិញ៕