Taylor Swift ទម្លាក់ Rihanna ក្លាយជាតារាចម្រៀងស្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក
កំពូលតារាចម្រៀង Taylor Swift ឡើងតំណែងក្លាយជាតារាចម្រៀងស្រីមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោក (១.៦ ពាន់លានដុល្លារ) ទម្លាក់តារាចម្រៀងស្រី Rihanna ដែលជាម្ចាស់តំណែងចាស់ក្នុងទ្រព្យសម្បត្តិសរុប ១.៤ ពាន់លានដុល្លារ នេះបើតាមទស្សនាវដ្តី Forbes ចេញផ្សាយកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ។
តាមទស្សនាវដ្ដីដដែលបានឱ្យដឹងថា មួយភាគធំនៃប្រាក់ចំណូលរបស់តារាចម្រៀង Taylor Swift គឺបានមកពីថ្លៃសំបុត្រ និង ថ្លៃខ្លួនច្រៀងលើឆាក។ ជាក់ស្ដែង កាលពីខែតុលា ឆ្នាំ ២០២៣ កន្លងទៅ Taylor Swift បានបោះជំហានចូលតារាងមហាសេដ្ឋីពិភពលោកក្នុងទ្រព្យសម្បត្តិសរុបចំនួន ១.១ ពាន់លានដុល្លារ។ ប្រាក់ចំណូលដ៏មហាសាលដែលទទួលបាននេះរួមបញ្ចូលការបានពីថ្លៃឈ្នួល និង សំបុត្រនៃការប្រគំតន្ត្រីចំនួន ៦០០ លានដុល្លារ project បទចម្រៀងចាស់ៗរបស់នាង Taylor Swift’s Verson (2021) ចំនួន ៦០០ លានដុល្លារ និង ១២៥ លានដុល្លារទៀតបានពីផ្នែកអចលនទ្រព្យ។
យ៉ាងណាមិញ ជាមួយទ្រព្យសម្បត្តិនាពេលបច្ចុប្បន្ន ១.៦ ពាន់លានដុល្លារ តារាចម្រៀង Taylor Swift បានជាប់ក្នុងលេខរៀងទី ២១១៧ លើបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ខណៈ Rihanna ជាប់នៅលេខរៀងទី ២៣៣៦៕