លោក អ៊ិន សុភិន តាំងចិត្តមុតមាំ ប្រកាសដាច់អហង្ការ មិនយក Miss Grand ចូលប្រទេសវិញដាច់ខាត
មកដល់ពេលនេះ រឿងរ៉ាវស្ថាប័នបវរកញ្ញា Miss Grand Cambodia និង អ្នកគ្រប់គ្រងកម្មវិធី MGI កាន់តែក្ដៅគគុក និង ត្រូវបានមហាជនអ្នកគាំទ្រវិស័យមួយនេះ នាំគ្នាចាប់អារម្មណ៍តាមដានកាន់តែខ្លាំង បន្ទាប់ពីនៅរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ អ្នកស្រី អ៊ឹម សុគន្ធា បានឡាយវីដេអូក្ដែងៗពីអតីតអ្នកធ្វើកម្មវិធី Miss Grand Cambodia ចាស់ បានស្វះស្វែងរកបវរកញ្ញាដើម្បីតំណាងប្រទេសកម្ពុជា ទៅប្រកួតលើឆាក MGI 2024 ជំនួស កញ្ញា ប៊ី សុធារី ដែលប្រកាសលះបង់សិទ្ធិ។
អតីតអ្នកគ្រប់គ្រង MGC ចាស់ ដែលអ្នកស្រី អ៊ឹម សុគន្ធា លើកឡើងនោះ ត្រូវមហាជនសន្និដ្ឋានថាគឺជាលោក អ៊ិន សុភិន។ ក្រោយមក នៅយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤ លោក Nawat ម្ចាស់កម្មវិធី MGI បានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងប្រទេសជាច្រើនពាក់ព័ន្ធនឹងបញ្ហាមួយនេះ ហើយក្នុងនោះ លោក Nawat ក៏បានបង្ហាញសារដែលលោក អ៊ិន សុភិន ទាក់ទងទៅលោកដើម្បីសុំទិញសិទ្ធិធ្វើកម្មវិធី MGC នៅឆ្នាំ ២០២៥ ផងដែរ។
ងាកមកការឡាយរបស់លោក អ៊ិន សុភិន នៅយប់ដដែលនោះវិញ លោកបានទទួលស្គាល់ថា លោកពិតជាបានឆាតទៅលោក Nawat ពិតមែន តែអ្នកទាំងពីរនិយាយសួរសុខទុក្ខគ្នាក្នុងនាមជាមិត្តភក្ដិប៉ុណ្ណោះ ដោយហេតុថាបញ្ហាកើតឡើងមិនមែនជារឿងប្រទេសជាតិទាំងមូលទេ ពោលគឺជារឿងបុគ្គល និង បុគ្គល ជារឿងក្រុមហ៊ុនឯកជន និង ក្រុមហ៊ុនឯកជនប៉ុណ្ណោះ សម្រាប់លោក និង លោក Nawat នៅតែជាមិត្តមានការរាប់អានគ្នា និង ជាដៃគូរកស៊ីធម្មតាដដែល។
លើសពីនេះ លោក អ៊ិន សុភិន ក៏បានទទួលស្គាល់ថា លោក Nawat ពិតជាបានទាក់ទងមកលោកដើម្បីឱ្យជួយស្វែងរកបេក្ខជនម្នាក់ ជំនួញកញ្ញា ប៊ី សុធារី ដើម្បីទៅប្រកួត MGI 2024 ពិតមែន ហើយលោកក៏បានជួយស្វែងរកបវរកញ្ញាម្នាក់ឱ្យ ក្នុងនាមជាមិត្តភក្ដិប៉ុណ្ណោះ។
តែយ៉ាងណា មកដល់ព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ លោក អ៊ិន សុភិន បានបង្ហោះសារប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកថាលោកមិនយកកម្មវិធី Miss Grand ចូលប្រទេសដាច់ខាត ៖ «ខ្ញុំចង់ដឹងថាតើអ្នកណាហ៊ានយក Miss Grand ចូលប្រទេសវិញ សម្រាប់ខ្ញុំដាច់ខាតមិនទេ! ខ្លាចតែND 2023/2024 គេមកលួងទទួលយកវិញទេ បើទទួលយកវិញសូមប្រជាជនកម្ពុជា និង Fanៗកាត់ក្ដីតាមការគួរ»៕