(វីដេអូ) អ្នកស្រី អ៊ឹម សុគន្ធា នឹងធ្វើគ្រប់យ៉ាង ដើម្បីកុំឱ្យមានឈ្មោះកម្មវិធី Miss Grand នៅកម្ពុជាទៀត
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការរំសាយនៃការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី MGI 2024» ដែលក្រុមការងារស្ថាប័ន MGC បានរៀបចំឡើងនៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ នេះ បានធ្វើការបើកបង្ហាញពីរឿងរ៉ាវជាច្រើនជុំវិញបញ្ហានៃការរៀបចំកម្មវិធី MGI និង លើកបង្ហាញតតាំងពីការចោទប្រកាន់ផ្សេងៗ ដោយស្វែងរកភាពត្រឹមត្រូវ ភាពស្អាតស្អំសម្រាប់ក្រុមការងារ MGC ក៏ដូចជាមុខមាត់ប្រទេសកម្ពុជាវិញ។
ក្នុងការថ្លែងសន្និសីទសារព័ត៌មាននេះដែរ ជាមួយនឹងការរៀបរាប់ពីបញ្ហាផ្សេងៗជុំវិញរឿងរ៉ាវ MGI នេះ អ្នកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាស្ថាប័ន MGC ក៏បានធ្វើការប្រកាសជាផ្លូវការថានឹងមិនរៀបចំកម្មវិធី Miss Grand Cambodia នេះបន្តទៀតទេ ទោះបីជានៅមានសិទ្ធិរៀបចំរយៈពេល ១ ឆ្នាំទៀតក៏ដោយ។
លើសពីនេះ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានធ្វើការប្ដេជ្ញាចិត្ត និង អះអាងជាដាច់ខាតថានឹងធ្វើគ្រប់យ៉ាងដើម្បីកុំឱ្យមានឈ្មោះកម្មវិធី Miss Grand នៅលើទឹកដីកម្ពុជាបន្តទៀត ទោះជាមានបុគ្គលរូបណាម្នាក់ចង់ទិញសិទ្ធិមកកាន់កម្មវិធីបន្ត ក៏អ្នកស្រីសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីប្រឆាំងជាដាច់ខាតចំពោះរឿងនេះ និង ធ្វើការស្នើសុំឱ្យក្រសួងពាក់ព័ន្ធជួយចាត់វិធានការត្រួតពិនិត្យ ព្រមទាំងគិតដល់តម្លៃក្នុងវិស័យបវរកញ្ញា ក៏ដូចជាគិតដល់មុខមាត់ប្រទេសផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖