(វីដេអូ) ទិដ្ឋភាពដ៏សោកសង្រេងនៃសព ថុល លីណា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី
ថ្មីៗនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការភ្ញាក់ផ្អើលរន្ធត់ចិត្ត និង សោកស្ដាយខ្លាំង ក្រោយពីទទួលដំណឹងថាអតីតបេក្ខជន Cambodian Idol រដូវកាលទី ២ និង X Factor Cambodia គឺលោក ថុល លីណា បានបាត់បង់ជីវិតទៅហើយ។
តាមរយៈការបង្ហោះចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុកពីអ្នកសិល្បៈជាច្រើនបានឱ្យដឹងថាលោក ថុល លីណា បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំពោះដំណឹងមរណភាពរបស់អតីតបេក្ខជន Cambodian Idol រូបនេះ បានធ្វើឱ្យមហាជន ជាពិសេសមិត្តរួមអាជីពសិល្បៈជាច្រើន បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងកំពុងចែករំលែកវីដេអូនៃសកម្មភាពច្រៀងចុងក្រោយរបស់លោកដែលបានច្រៀងលើឆាកតន្រ្តីមួយ ដោយពួកគេបង្ហាញនូវចិត្តអាណិត ស្រណោះអាល័យចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោកជាខ្លាំង។
ស្របពេលនេះដែរ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រសង្វេគអាណិតខ្លាំងទៀតនោះ ខណៈបានឃើញនូវទិដ្ឋភាពសពរបស់លោក ថុល លីណា ដែលកំពុងតម្កល់នៅវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល រង់ចាំក្រុមគ្រួសាររបស់លោកមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
សូមទស្សនាវីដេអូខាងក្រោម៖