អ្នកណាធ្វើចិត្តបាន! ភរិយា ថុល លីណា កាន់ដៃស-ពស្វាមី រួចនិយាយទាំងអួលថា មិនអាចទទួលយកការពិតបានទេ
ចំពោះដំណឹងមរណភាពរបស់លោក ថុល លីណា កំពុងធ្វើឱ្យមហាជន ជាពិសេសមិត្តរួមអាជីពសិល្បៈជាច្រើន បានបង្ហាញការសោកស្ដាយជាពន់ពេក និង បង្ហាញនូវចិត្តអាណិត ស្រណោះអាល័យចំពោះការចាកចេញគ្មានថ្ងៃត្រឡប់របស់លោកជាខ្លាំង។
លើសពីនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រសង្វេគអាណិតខ្លាំងទៀតនោះ ខណៈបានឃើញនូវទិដ្ឋភាពសពរបស់លោក ថុល លីណា ដែលកំពុងតម្កល់នៅវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល រង់ចាំក្រុមគ្រួសាររបស់លោកមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក បើក្រឡេកទៅមើលហ្វេសប៊ុកភរិយារបស់លោក ថុល លីណា វិញ បានបង្ហោះចែករំលែកពីទិដ្ឋភាពរៀបចំពិធីបុណ្យសពរបស់ស្វាមីពោរពេញដោយទុក្ខសោកសៅ ដោយអ្នកនាងបានឱ្យដឹងថា ត្រៀមធ្វើការបូជាសពនៅវេលាម៉ោង ១ យប់រំលងអធ្រាត្រ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជាមួយគ្នានេះ រឿងកាន់តែធ្វើឱ្យមហាជនរំជួលចិត្តតាម ខណៈបានឃើញការបង្ហោះរបស់ភរិយាលោក ថុល លីណា ពេលទទួលបានដំណឹងស្វាមីបាត់បង់ជីវិតភ្លាមៗ អ្នកនាងហាក់ស្លុតចិត្តទទួលយកមិនបានចំពោះការចាកចេញរបស់ស្វាមីជាទីស្រឡាញ់ ដោយអ្នកនាងនៅតែមិនទាន់អាចទទួលយកបានទេថាស្វាមីបានបាត់បង់ជីវិតទៅហើយ ហើយគិតថាគ្រប់យ៉ាងគ្រាន់តែជាសុបិន។
ភរិយារបស់លោក ថុល លីណា បានបង្ហោះសារឈឺចាប់ សោកសង្រេង និង អាល័យចំពោះស្វាមីបន្តបន្ទាប់នៅលើហ្វេសប៊ុកថា ៖ «ហេតុអ្វីបងទៅលឿនម្ល៉េះប្ដីសម្លាញ់ ទើបដេកឱបប្រពន្ធថ្ងៃមិញ បងចិត្តអាក្រក់ពេកហើយ ទុកខ្ញុំនៅម្នាក់ឯង», «បងមិនឯកាទេ អូននៅក្បែរបង អូនកាន់ដៃបង កំដរបង បងជាប្ដីល្អ អូនទទួលយកមិនបានទេ», «តើឱ្យប្រពន្ធទទួលយកម្ដេចបាន ខ្ញុំនៅតែទទួលយកមិនបាន អូនគិតថាបងមិនស្លាប់ទេ អូនយល់សប្តិនឹង»៕