ឃើញហើយខ្លោចចិត្ត! ភរិយា ថុល លីនណា ឈឺចាប់ខ្លាំង ធ្លាប់តែបើកភ្នែកឡើងប្តីគេងឱប ថ្ងៃនេះបែរជាមកកាន់ទង់ព្រលឹង ជូតទឹកភ្នែករើសធាតុប្ដីវិញ
កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកក្នុងរង្វង់សិល្បៈមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់លោក ថុល លីណា អតីតបេក្ខជន Cambodian Idol រដូវកាលទី ២ និង X Factor Cambodia ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤។
ក្នុងនោះ មហាជន និង មិត្តសិល្បករ ក៏បានបង្ហាញភាពសោកសៅ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពជាពន់ពេក ចំពោះការចាកចេញរបស់លោក ថុល លីណា ដែលគ្មានថ្ងៃត្រឡប់នេះ។
ក្នុងនោះដែរ ពិធីបុណ្យសពរបស់លោក ថុល លីនណា ក៏បានរៀបចំបូជាតាមប្រពៃណីហើយដែរ នៅឯវត្ត ព្រែងសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយដំបូងឡើយភរិយារបស់លោក ថុល លីនណា ជម្រាបថាសពនឹងបូជានៅវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ តែក៏បានលើកម៉ោងមកត្រឹម ១២ និង ៣០ នាទី វិញ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនខ្លោចចិត្ត និង ស្រណោះ ក្រោយពីសពស្វាមីបានបូជាក្លាយទៅជាធាតុហើយនោះ ភរិយាលោក ថុល លីណា បានរៀបរាប់ទាំងឈឺចាប់មិនទាន់អាចទទួលយកការពិតបាននៅឡើយថា៖ «ធ្លាប់តែបើកភ្នែកមក បងដេកឱប ថ្ងៃនេះអូនបើកភ្នែកមក កាន់ទង់ព្រលឹងបង ជូតទឹកភ្នែករើសធាតុបង។ តើឱ្យអូនទទួលយកបែបណា? ច្រើនឆ្នាំ ដែលយើងរស់នៅជាមួយគ្នាពុំដែលបែកគ្នា ឬឃ្លាតគ្នាឡើយ។ បើអាចបងមកយកអូនទៅផងប្ដីសម្លាញ់»៕