(វីដេអូ) តស់ៗណាត់គ្នា! ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី ២ កំពុងរង់ចាំនៅទឹកដីអង្គរ ធ្វើពីរថ្ងៃជាប់គ្នា ២៩ និង ៣០ តុលា
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ សមាគមសិល្បករខ្មែរ សហការណ៍ជាមួយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» យ៉ាងជោគជ័យម្តងរួចមកហើយ នៅលើទឹកដីនាខេត្តសៀមរាប នាបរិវេណមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងចូលរួមជាចំណែកមួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ទៅកាន់ពិភពលោក។
ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នោះដែរ មិនត្រឹមតែបានបង្ហញនូវវប្បធម៌ អរិយធម៌ខ្មែរតាមរយៈល្បែងកម្សាន្ត របាំបុរាណខ្មែរ ផ្ទាំងទស្សនីយភាពសិល្បៈតែម្យ៉ាងនោះទេ ប៉ុន្តែក៏មានការរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ និង ភេសជ្ជៈបែបខ្មែរជាច្រើន បង្ហាញទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិទៀតផង។
យ៉ាងណាមិញ នៅថ្ងៃទី ២៩ និង ទី ៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរ សហការណ៍នឹងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ជាលើកទី ២ នៅលើទឹកដីខេត្តសៀមរាបជាថ្មី ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនោះ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី ២ នេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំនៅចុងឆ្នាំ ២០២៤ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍ពីរក្នុងពេលតែមួយរួមមាន ទី ១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករ-សិល្បការិនី ចូលរួមសម្តែងប្រមាណ ៥០០ នាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។
រីឯទី ២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និង ការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរណ៍ជាតិ និង អន្តរជាតិ ដែលបានអញ្ជើញចូលរួម៕
សូមទស្សនាវីដេអូ ខាងក្រោម៖