អាយុទើប ៣៣ ឆ្នាំ CEO សង្ហា Miss Cosmo ជាបុរសមានចំណេះដឹង និង ជាអ្នកធ្វើឱ្យកម្មវិធីប្រកួតសម្រស់នៅវៀតណាមជោគជ័យខ្លាំង
លោក Trần Việt Bảo Hoàng ឬមានឈ្មោះហៅក្រៅថា Henry គឺជា CEO ឬ នាយកប្រតិបត្តិនៃកម្មវិធីប្រកួតសម្រស់ Miss Cosmo របស់វៀតណាម។ បុរសកើតឆ្នាំ ១៩៩១ រូបនេះ មិនត្រឹមតែទាក់ទាញជាមួយមុខមាត់សង្ហា និង ស្នាមញញឹមមានមន្តស្នេហ៍ប៉ុណ្ណោះទេ លោកថែមទាំងត្រូវបានគេចាប់អារម្មណ៍ទៅលើសមត្ថភាព ចំណេះដឹង ជាមនុស្សពូកែ ដែលនៅពីក្រោយភាពជោគជ័យកម្មវិធីប្រកួតសម្រស់ច្រើនរដូវកាលនៅវៀតណាម រហូតដល់ប្រជាជនវៀតណាមបានដាក់រហ័សនាមឱ្យថាជា Boss នៃកម្មវិធីប្រកួតសម្រស់ ឬ Miss Boss ទៀតផង។
មុនក្លាយជាបុរស CEO ដ៏ជោគជ័យ លោក Henry បានបញ្ចប់ការសិក្សាលំដាប់ second-class ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ Foreign Trade ក្នុងទីក្រុងហូជីមិញ។ អំឡុងសិក្សានៅសាកលវិទ្យាល័យ លោកតែងចូលរួមការប្រកួតប្រជែងកម្មវិធីសិក្សា ដោយទទួលបានជោគជ័យជាច្រើនដូចជា៖ ជ័យលាភីលេខ ៣ នៅក្នុងការប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្ត្ររបស់និស្សិតក្នុងឆ្នាំ ២០១១, ជ័យលាភីលេខ ១ ក្នុងការប្រកួតប្រជែងគំនិត PR វៀតណាមក្នុងឆ្នាំ ២០១២, តំណែងសិស្សពូកែប្រចាំឆ្នាំ ២០១២ និង ការប្រកួតមួយចំនួនទៀតសុទ្ធសឹងប្រើសមត្ថភាព ចំណេះដឹង និង ទេពកោសល្យ។
បច្ចុប្បន្ន ខណៈកំពុងកាន់តំណែងជា CEO នៃកម្មវិធី Miss Cosmo កន្លងមកលោកធ្លាប់ជា CEO នៃកម្មវិធីប្រកួតសម្រស់ល្បីៗមួយចំនួននៅវៀតណាម ជាពិសេសកម្មវិធី Miss Universe Vietnam ដែលធ្វើឱ្យកម្មវិធីជោគជ័យខ្លាំងចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២២។ តាមរយៈការប្រឡូកការងារក្នុងវិស័យកម្មវិធីប្រកួតសម្រស់ លោក Henry បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការងារបច្ចុប្បន្នរបស់លោក ជួយឱ្យលោកបន្តនូវចំណង់ចំណូលចិត្តក្នុងការក្លាយជាសកម្មជនអប់រំ និង ជំរុញចិត្តដល់យុវជន។ លោកនិយាយថា «បើខ្ញុំនិយាយម្នាក់ឯង គ្មាននរណាស្តាប់ឡើយ តែបើកម្មវិធីប្រកួតសម្រស់ ធ្វើការជាមួយខ្ញុំ វានឹងចែកចាយសារជំនួសខ្ញុំ ហើយឥទ្ធិពលចែកចាយនឹងច្រើនលើសនឹងរាប់ដង»។
ស្ថិតក្នុងវ័យ ៣០ ឆ្នាំស្តើង លោក Henry ក៏ត្រូវបានគេដឹងថា លោកមានជំនួញបើកជាហាងកាហ្វេ និង ភោជនីយដ្ឋានមួយចំនួននៅខេត្តដាឡាត់ ប្រទេសវៀតណាមផងដែរ៕