មិននឹកស្មាន! ជីវិតគ្រួសារតួស្រីរឿង «អ្នកលេងពូថៅដៃ ទិនហ្វី» ស្រស់បំព្រងតែក្នុងបណ្ដាញសង្គម ធាតុពិតគិតតែរឿងចង់លែងលះគ្នា
តារាសម្ដែងស្រី Huang Shengyi ដែលជាតារាស្រីចិនដើរជាតួឯកស្រីប្រចាំរឿងបែបកំប្លែងដ៏ល្បី «អ្នកលេងពូថៅដៃ ទិនហ្វី» ថ្មីៗនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលរូបនាងបានទម្លាយថា ចំណងអាពាហ៍ពិពាហ៍របស់នាងគឺរីករាយពោរពេញដោយសុភមង្គលតែលើបណ្ដាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែធាតុពិតជាក់ស្ដែងនាងតែងតែគិតរឿងលែងលះគ្នាជានិច្ច។
កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្នុងកម្មវិធីកម្សាន្តមួយឈ្មោះ «Goodbye My Lover» លើ Mango TV តារាស្រី Huang Shengyi បានចេញមកនិយាយជាលើកដំបូងជុំវិញជ្រុងដ៏ខ្មៅងងឹតក្នុងជីវិតក្រុមគ្រួសាររបស់នាង។ តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំរូបនេះបានទម្លាយថា ក្នុងរយៈពេល ៣ ឆ្នាំមកនេះនាងតែងតែគិតរឿងចែកផ្លូវគ្នាជាមួយស្វាមីដែលជាអ្នកជំនួញឈ្មោះ Yang Zi។ ចំពោះមូលហេតុនោះគឺថា រូបនាងមានអារម្មណ៍ថប់ពិបាកក្នុងខ្លួន បាត់បង់សេរីភាព និង មិនអាចរស់នៅជីវិតមួយដែលនាងចង់បាន។
ក្នុងកម្មវិធីនោះដែរ លោក Yang Zi ជាស្វាមីក៏បានទម្លាយផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក និង ប្រពន្ធតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាលើបណ្ដាញសង្គមជាញឹកញាប់ បង្កើតវីដេអូដែលមើលទៅគ្រួសារពោរពេញដោយភាពកក់ក្ដៅខ្លាំងឱ្យគ្រប់គ្នាមើលមកថាគ្រួសាររបស់លោកពោរពេញដោយសុភមង្គលណាស់។ យ៉ាងណាមិញ ការពិតគ្រប់យ៉ាងគឺផ្ទុយស្រឡះ ជម្លោះកើតមានឡើងញឹកញាប់ រឿងតូចក៏ធ្វើឱ្យទៅជារឿងធំដែរ។
គួរបញ្ជាក់ថា ប្ដីប្រពន្ធតារាស្រី Huang Shengyi បានសម្រេចចិត្តចូលរួមបេសកកម្ម ១៨ ថ្ងៃក្នុងកម្មវិធីកម្សាន្ត «Goodbye My Lover» នេះគឺក្នុងបំណងចង់សង្កត់ចិត្តរបស់ពួកគេ បង្កើតឱកាសឱ្យស្វែងយល់ពីចិត្តគ្នាឱ្យបានល្អប្រសើរជាងមុន។ តារាសម្ដែង Huang Shengyi និង ស្វាមី Yang Zi បានចាប់ដៃគ្នារៀបការស្ងាត់ៗកាលពីឆ្នាំ ២០០៧ ហើយបង្ហាញពីចំណងស្នេហ៍ជាសាធារណៈក្នុងឆ្នាំ ២០១៥។ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេនេះដែរ ក៏ទទួលបានកូនប្រុសចំនួន ២ នាក់ជាចំណងដៃផងដែរ៕