ស្ងាត់មួយស្របក់ ឆន សុវណ្ណារាជ ចេញចម្រៀងថ្មីបែបមនោសញ្ចេតនាចំថ្ងៃពិសេស អ្នកគាំទ្រលាន់មាត់ស្រដៀងគ្នាព្រាត
ជាការពិតណាស់ អ្នកគាំទ្រតារាចម្រៀង ឆន សុវណ្ណារាជ ច្បាស់ជាបានជ្រាបហើយពីកេរ្តិ៍ឈ្មោះរបស់លោក សាងនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ក្នុងនោះ លោក ឆន សុវណ្ណារាជ គឺជាតារាចម្រៀងប្រុសមានទេពកោសល្យសម្បូរបែបមួយរូប ដែលលោកអាចបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ មិនថាញាក់ មនោសញ្ចេតនា ហើយពេលខ្លះក៏មានជាការរ៉េបទៀតផង។
ងាកត្រឡប់ក្រោយបន្តិច កាលពីពេលកន្លងមក លោក ឆន សុវណ្ណារាជ ធ្លាប់រងការរិះគន់ខ្លះដែរ បន្ទាប់ពីលោកបានផ្លាស់ប្តូរស្ទីលរបស់ខ្លួន ពីការបកស្រាយចម្រៀងបែបមនោសញ្ចេតនា មកជាការរ៉េបវិញ ដោយកាលនោះគេចាំបានថា លោកបានលើកយកបទចម្រៀងចាស់ចំនួន ២ បទ គឺបទ «ធម្មជាតិស្ងៀមឈឹង» និង បទ «កុំជឿមនុស្សស្រវឹង» យកមក Remix ទៅជាបទញាក់កន្ត្រាក់អារម្មណ៍ ព្រមទាំងថែមនូវប៉ារ៉ូលរ៉េបទៀតផង។
បទចម្រៀងទាំង ២ បទខាងលើនោះ គឺជារសជាតិប្លែកថ្មីមួយទៀតពីសំណាក់តារាចម្រៀង ឆន សុវណ្ណារាជ ដែលចេញតាមអ្នកគាំទ្រសម័យថ្មីនេះ។ យ៉ាងណាមិញ ទោះបីវាជានោះគឺជារសជាតិថ្មីមួយបែបទៀតក្តី ប៉ុន្តែទាំង ២ បទនេះដែរ លោក ឆន សុវណ្ណារាជ មិនសូវទទួលបានការគាំទ្រខ្លាំងពីមហាជនឡើយ ដោយក្នុងនោះមានអ្នកលើកឡើងថា លោក ឆន សុវណ្ណរាជ ប្តូរស្ទីលខុសពីខ្លួនឯងពីមុន ខ្លះថាបទចម្រៀងមិនពីរោះដូចបទមនោសញ្ចេតនា ជាដើម។
ដោយឡែក ស្រាប់តែកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ លោក ឆន សុវណ្ណារាជ បានបញ្ចេញបទចម្រៀងថ្មីក្នុងថ្ងៃកំណើតរបស់លោកមានចំណងជើងថា «យើងបែកគ្នាដោយសារអ្វី?» ដែលជាចម្រៀងដំបូងក្នុង Mini Album ចម្រៀងរបស់លោក។
ក្នុងនោះ ការចេញបទចម្រៀងដំបូងក្នុង Mini Album របស់លោក ឆន សុវណ្ណារាជ នេះដែរ បានធ្វើឱ្យអ្នកគាំទ្រមានការគាំទ្រ និង ពេញចិត្តយ៉ាងខ្លាំងដោយខ្លះបានខមមិនថា៖ «លោក សុវណ្ណារាជ ពីមុនត្រឡប់មកវិញហើយ» និង ខ្លះបានសំណូមពរថា៖ «ចង់ឱ្យលោក សុវណ្ណារាជ បន្តច្រៀងចម្រៀងបែបៗនេះរហូត»៕