ភាពចម្រូងចម្រាសមិនគួរកើតដែលម្ចាស់ MGI លោក ណាវ៉ាត់ ធ្លាប់មានជាមួយបេក្ខភាពប្រេឡង នៅប៉ុន្មានឆ្នាំចុងក្រោយ
លោក Nawat បង្កបញ្ហាជាមួយកម្ពុជាលើកនេះ បានធ្វើឱ្យពិភពលោកឃើញកាន់តែច្បាស់អំពីភាពអាក្រក់របស់ខ្លួន។ ពិតមែនទៅ បញ្ហាចម្រូងចម្រាសជាមួយកម្មវិធី Miss Grand International មិនមែនទើបតែកើតនៅកម្ពុជានោះទេ កន្លងមក លោក Nawat ក៏មានបញ្ហាជាមួយប្រទេសដទៃ ជាពិសេសសូម្បីតែអ្នកដែលជាជនជាតិថៃដូចគ្នាក៏មិនលើកលែងដែរ។
១. កាលពីឆ្នាំ ២០១៦ លោក Nawat បានរិះគន់បវរកញ្ញាមកពីប្រទេស Iceland នាង Arna Ýr Jónsdóttir ថារូបរាងរបស់នាងធាត់ពេក គួរតែសម្រកខ្លះមុនថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ លោកឱ្យនាងឈប់ញុំាអាហារពេលព្រឹក ញុំាតែសាលាដ និង ផឹកទឹកជាអាហារពេលល្ងាច។ យ៉ាងណាមិញ បវរកញ្ញារូបនេះបានតបទៅវិញ ដោយថានាងមិនសមចូលក្នុងចំណោម Top 10 ទេ ព្រោះនាងពេញចិត្ត និង មានមោទកភាពលើរូបរាងខ្លួនឯង។
ដោយឡែក នៅឆ្នាំ ២០២២ ម្ចាស់កម្មវិធី MGI រូបនេះបានបន្តមើលងាយលើរូបសម្រស់ម្តងទៀត ទៅលើបវរកញ្ញាវៀតណាម នាង Đoàn Thiên Ân ដោយថានាងមានរូបរាងកាយមិនសមសួន ហើយថែមទាំងយកលេសនេះដកនាងចេញពីកម្មវិធីតែម្តង។ ប្រជាជនវៀតណាមមានការខឹងសម្បាជាខ្លាំង ដោយត្រឹមរយៈពេលខ្លីផេក Miss Grand International បានថយចំនួន Follower ដល់ទៅជាង ២ លាននាក់។
២. ចំពោះហ្វីលីពីន លោក Nawat មិនដែលទុកក្នុងភ្នែកឡើយ។ កាលពីឆ្នាំ ២០២៣ លោកបានបោះសម្តីដាក់បវរកញ្ញាហ្វីលីពីន នាង Nikki de Moura ថានាង very unprofessional ឬ គ្មានវិជ្ជាជីវៈយ៉ាងខ្លាំង ដោយសារខឹងនាងមិនឡើងឆាកវិញ ក្រោយលទ្ធផលនាងមិនបានជាប់ក្នុង Top 20 ។ លោកថែមទាំងបោះសម្តីទៅកាន់អ្នកគាំទ្រហ្វីលីពីនទៀតថា មកពីហ្វីលីពីនខ្លួនឯងទេដែលបរាជ័យក្នុងការជ្រើសរើសបវរកញ្ញា ដែលគ្មានសុជីវធម៌ និង គ្មានវិជ្ជាជីវៈ កុំមករកយើងទៀត យើងគ្មានសម្ព័ន្ធភាពអ្វីទេ ហើយខ្ញុំមិនចង់ជួបមនុស្សដូចជានាងទេ វាក្រោមស្តង់ដារណាស់។
៣. នៅឆ្នាំ ២០២៣ លោក Nawat បានជេរស្តីចំៗទៅកាន់ Miss Universe Philippines 2014 នាង Mary Jean Lastimosa ដែលនាងបានធ្វើបទសម្ភាសជាមួយនារីកែភេទម្នាក់។ ក្នុងបទសម្ភាសបានសួរថា តើកម្មវិធីបវរកញ្ញាណាមួយដែលអាក្រក់បំផុត? បវរកញ្ញាកែភេទក៏ឆ្លើយថា Miss Grand។ ថ្វីបើជាវីដេអូធម្មតា មិនជាផ្លូវការ តែ លោក Nawat ហាក់ផ្ទុះកំហឹងជេមិនសំចៃមាត់។ មិនយូរប៉ុន្មាន បវរកញ្ញាក៏បានចេញវីដេអូសុំទោសដើម្បីបញ្ចប់រឿង។
៤. មុនមានបញ្ហាជាមួយកម្ពុជា លោក Nawat ក៏មិនលើកលែងសូម្បីតែជាមួយជាតិសាសន៍របស់ខ្លួន។ ដូចបានដឹងស្រាប់ កម្មវិធី Miss Universe ត្រូវបានទិញយកដោយស្ត្រីកែភេទជនជាតិថៃ នាង Jakkaphong Jakrajutatip ក្នុងតម្លៃ ២០ លានដុល្លារ។ កម្មវិធីនេះត្រូវបានគេឃើញថា ជាគូប្រជែងនឹងកម្មវិធី Miss Grand ផងដែរ។ ការឌឺដងបានកើតឡើងកាលពីឆ្នាំ ២០២២ ដោយកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំនោះ ក្នុងគម្រប់ខួប ១០ ឆ្នាំ នៃកម្មវិធី Miss Grand ផេករបស់ Miss Grand international បានបង្ហោះវីដេអូមួយដែលមានអក្សរ MU ហោះជុំវិញផែនដី បន្ទាប់មកបានបំបែកអក្សរ U ចេញទៅជាអក្សរ GI ដែលក្លាយជាអក្សរ MGI នៃពាក្យពេញ Miss Grand International។ ក្នុងរូបភាពយល់ច្បាស់ៗ Miss Grand International បំបែក Miss Universe។ អ្នកគាំទ្រយល់ថា នេះជាទង្វើបញ្ឆេះបញ្ឆួលគ្នា ឬ ប្រកាសសង្គ្រាមតែម្តង៕