(វីដេអូ) ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនប្រុស នាយ វាំងឌឺ បង្ហាញមុខចាប់ផ្តើមសម្តែង សម្ដីសំដៅដូចឪពុកបេះបិទ
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានជ្រាបមកហើយ ពីបច្ចុប្បន្នភាពរបស់កូនប្រុសច្បង តារាកំប្លែង យិន សារឹម ហៅ នាយ វាំងឌឺ គឺលោក យិន ភីដេត ក្រោយឪពុកម្តាយ និង ប្អូនស្រីបង្កើតបានចែកឋានទៅ នៅសល់តែលោកម្នាក់ឯងប៉ុណ្ណោះ។
ក្នុងនោះ តាមរយៈការឱ្យដឹងពីកូនប្រុសច្បងតារាកំប្លែង វាំងឌឺ គឺលោក ភីដេត បានឱ្យដឹងថា លោកកំពុងរស់នៅតែលតោលម្នាក់ឯង ធ្វើការរោងចក្រ និង រស់នៅក្នុងផ្ទះជួលតម្លៃ ៤៥ ដុល្លារ។ លើសពីនោះ លោក ភីដេត មាននិស្ស័យផ្នែកចម្រៀង ហើយក៏ចេះកំប្លែងដូចឪពុកដែរ ប៉ុន្តែដោយលោក មិនស្គាល់គេ មិនដឹងរកអ្នកណាឱ្យបើកផ្លូវជួយលោកនោះទេ ដូច្នេះមានតែការលើកដៃសុំឱ្យផលិតករ និង អ្នកសិល្បៈរៀមច្បងជួយហៅលោកទៅថតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញការអំពាវនាវពីលោក ភីដេត តំណក់ឈាមតែម្នាក់ ដែលបន្សល់នៅរបស់តារាកំប្លែង វាំងឌឺ ឱ្យលោកមានឱកាសបានសម្តែងនោះ គេក៏បានឃើញ នាយ ព្រែក ក៏បានហៅលោក ភីដេត ឱ្យទៅសម្តែងក្នុងក្រុមរបស់លោកដែរ។
ក្នុងវីដេអូ នៃការចេញសម្តែងលើកទី ១ របស់លោក ភីដេត បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និង បានសរសើរដូចគ្នាដែរ ដោយកូនប្រុសច្បង នាយ វាំងឌឺ រូបនេះ គឺពិតជាមិនខុសពីឪពុកនោះឡើយ ពោលគឺដូចពាក្យចាស់ពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ លោក ភីដេត បានសម្តែងបានយ៉ាងល្អ រីឯសម្ដីសំដៅ គឺមិនខុសពីឪពុកនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖