ប្ដីប្រពន្ធ សួស វីហ្សា រំភើបខ្លាំង ទទួលបានទាយាទទី ២ ជាកូនប្រុសដូចបំណង
កាលពីថ្មីៗកន្លង ស្របពេលជីវិតគ្រួសារកាន់តែមានក្ដីសុខ និង កូនស្រីទី ១ មានវ័យ ៤ ឆ្នាំ ក៏បានឃើញលោក ថមមី បង្ហោះប្រកាសយ៉ាងរំភើបឱ្យដឹងថាភរិយារបស់លោក គឺអ្នកនាង សួស វីហ្សា កំពុងពពោះកូនក្នុងផ្ទៃម្នាក់ទៀតហើយ តែមិនទាន់បញ្ជាក់ពីអាយុ និង ភេទកូនច្បាស់នៅឡើយ។
ស្របពេលកំពុងពពោះកូនទី ២ នេះដែរ ឃើញថាតារាស្រី សួស វីហ្សា កាន់តែបង្ហាញនូវក្ដីសុខខ្លាំងក្នុងជីវិតប្ដីប្រពន្ធរបស់អ្នកនាង ដែលទទួលបានក្ដីស្រឡាញ់យកចិត្តទុកដាក់ ការមើលថែយ៉ាងល្អឥតច្ចោះពីស្វាមី។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអបអរចំពោះជីវិតគ្រួសាររបស់ប្ដីប្រពន្ធមួយគូនេះ ខណៈបានឃើញលោក ថមមី និង អ្នកនាង សួស វីហ្សា ប្រកាសដំណឹងរំភើបបន្ថែមទៀត ដោយបានបញ្ជាក់ពីភេទទាយាទក្នុងផ្ទៃ សួស វីហ្សា គឺជាកូនប្រុស ជាបំណង និង ក្ដីប្រាថ្នារបស់ប៉ាម៉ាក់ទាំងពីររូបនេះផងដែរ។
ក្នុងនោះ អ្នកនាង សួស វីហ្សា បង្ហោះរៀបរាប់ថា ៖ «យេ៎..បំណងប្រាថ្នារបស់ពីរនាក់ប្តីប្រពន្ធខ្ញុំបានសម្រេចដូចបំណងហើយ លទ្ធផលកូនដែលនៅក្នុងផ្ទៃរបស់ខ្ញុំ គឺខ្ញុំទទួលបានកូនប្រុស ស្វាគមន៍ Johnny ដែលមកនៅជាមួយម៉ាក់»៕