អ្នកគាំទ្រ និង អតីតបេក្ខភាព MasterChef Cambodia នាំគ្នាផ្ទុះការវែកញែក ក្រោយកម្មវិធីដាក់លក់អៀមតម្លៃជិត ២០ ដុល្លារ
ស្របពេលកម្មវិធី MasterChef Cambodia រដូវកាលទី ៣ កំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ថ្មីៗនេះ ផេកផ្លូវការ MasterChef Cambodia បានប្រកាសដាក់លក់អាវអៀមចុងភៅ សម្រាប់អ្នកគាំទ្រកម្មវិធីមួយនេះ។
ក្នុងនោះ អាវអៀមចុងភៅ MasterChef Cambodia ដែលបានធ្វើការបង្ហោះដាក់លក់នោះដែរ គឺរៀបចំឡើងជា ចំនួនមានកំណត់ ឬ Limited Edition ដែលមាន MasterChef Logo និង ឈ្មោះរបស់អតិថិជនផ្ទាល់ ក៏ដូចជាហត្ថលេខាពីគណៈកម្មការផងដែរ។
ការដាក់លក់អាវអៀម MasterChef Cambodia បានធ្វើឱ្យអ្នកគាំទ្រ ជាច្រើនបានបញ្ចេញមតិវែកញែក ដោយខ្លះគាំទ្រ និង មិនគាំទ្រ ហើយក្នុងនោះមហាជនមួយចំនួនបានលើកឡើងថា អាវដាក់លក់នេះមាន Logo របស់ MasterChef Cambodia ដូចទៅនឹងបេក្ខភាព ដែលបានចូលរួម។ លើសពីនោះ ក៏មានអ្នកគាំទ្រខ្លះលើកឡើងថា ការដាក់លក់បែបនេះ ហាក់មិនឱ្យតម្លៃនៃការប្រឹងប្រែងរបស់បេក្ខជន ក៏ព្រោះម្នាក់ៗខិតខំប្រកួតប្រជែងពីមួយវគ្គទៅមួយវគ្គ ទម្រាំបានអាវអៀម MasterChef Cambodia នេះ។
យ៉ាងណាមិញ ក្រោយពីផ្ទុះការវែកញែកបែបនេះហើយ ផេកផ្លូវការរបស់ MasterChef Cambodia ក៏បានបញ្ជាក់ថា អាវអៀម ដែលបានដាក់លក់នោះជាអៀម FAN Edition គឺមិនដូចនឹងអៀមរបស់បេក្ខជន និងបេក្ខនារី MasterChef Cambodia ពាក់ប្រកួតជាផ្លូវការក្នុងកម្មវិធីឡើយ៕