អ្នកគាំទ្រស្ដាយបេក្ខជន ថៃ នរបណ្ឌិត ក្រោយអស់ឱកាសដណ្ដើមពាន Cambodian Idol យប់មិញ
មកដល់រាត្រីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ យប់មិញ មហាជនអ្នកតាមដានគាំទ្រនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៥ កាន់តែជក់ចិត្តតាមដានខ្លាំង ខណៈកម្មវិធីបានឈានដល់វគ្គ Live Show សប្ដាហ៍ទី ៣ ហើយ ដែលសល់តែបេក្ខជនជើងខ្លាំងចំនួន ១០ រូបចុងក្រោយធ្វើការប្រឡងប្រជែងគ្នា។
ខណៈសល់តែប៉ុន្មានសប្ដាហ៍ទៀតកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះ នឹងឈានដល់វគ្គប្រឡងផ្ដាច់ព្រ័ត្រ ដែលជាពេលវេលាស្វែងរកឃើញម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីហើយនោះ ឃើញថាមហាជនលើបណ្ដាញសង្គមកំពុងបង្ហាញការគាំទ្រ និង ជូនពរចំពោះបេក្ខជនដែលជាអាយដលក្នុងចិត្តរៀងៗខ្លួន។
យ៉ាងណាមិញ មកដល់សប្ដាហ៍ទី ៣ នៃ វគ្គ Live Show អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រសោកស្ដាយខ្លាំង ក្រោយពីបេក្ខជននីមួយៗធ្វើការប្រឡងប្រជែងបង្ហាញសមត្ថភាពច្រៀងក្នុងវគ្គនេះ កម្មវិធីក៏បានធ្វើការជម្រុះបេក្ខជនមួយរូបទៀតហើយ ដែលជាបេក្ខជនទទួលបានការបោះឆ្នោតតិចជាងគេ គឺលោក ថៃ នរបណ្ឌិត។
ចំពោះការចាកចេញពីកម្មវិធីនេះដែរ បេក្ខជនជើងខ្លាំង ថៃ នរបណ្ឌិត បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបង្ហាញការសោកស្ដាយខ្លាំង ព្រោះតែលោកជាបេក្ខជនដ៏ឆ្នើមមួយរូប មានសមត្ថភាពខ្លាំងលេចធ្លោអំឡុងពេកប្រកួតកន្លងមក រីឯរូបសម្រស់ក៏ស្រស់សង្ហាណាស់ដែរ៕