បញ្ចប់ ៨ ឆ្នាំហើយ លោក អ៊ិន សុភិន ស្រាប់តែប្រាប់ចៅស្រីថា ឪពុកមិនទទួលស្គាល់នាងតាំងពីនៅក្នុងពោះ
ទំនាក់ទំនងពីអតីតកាលរវាងលោក ប៉ែន ចំរុង និង អ្នកនាង ភិន សុដាលីស បានបញ្ចប់ស្រេចបាច់អស់រយៈពេល ៨ ឆ្នាំមកហើយ ដោយមកដល់ពេលនេះ អ្នកទាំងពីរក៏បានរកឃើញដៃគូជីវិតថ្មីរៀងៗខ្លួន ពោលគឺលោក ប៉ែន ចំរុង បានរៀបការសាងគ្រួសារជាមួយភរិយាអ្នកក្រៅសិល្បៈ និង ទទួលបានចំណងដៃកូនស្រី ២ នាក់។ ចំណែកឯអ្នកនាង ភិន សុដាលីស ក៏បានភ្ជាប់ពាក្យជាមួយកំលោះសង្ហាម្នាក់ផងដែរ។
ដ្បិតថាចំណងប្ដីប្រពន្ធរវាងតារាប្រុសស្រីទាំង ២ បានបញ្ចប់ ប៉ុន្តែអំឡុងពេលអ្នកទាំងពីរប្រកាសលែងលះគ្នានោះ អ្នកនាង ភិន សុដាលីស កំពុងមានទម្ងន់កូនក្នុងផ្ទៃ ៤ ខែទៅហើយ ដែលនេះគឺជាសាច់ឈាមរួមគ្នាមួយរបស់ពួកគេដែលមិនអាចកាត់ផ្ដាច់បាន។ តែទោះជាបែបនេះ ចាប់តាំងពីនាងតូចសម្រាលរហូតដល់ពេលនេះមានអាយុ ៨ ឆ្នាំហើយ តែលោក ប៉ែន ចំរុង និង នាងតូច មិនធ្លាប់បានជួបគ្នាផ្ទាល់ឡើយ ចំណែកឯគ្រួសារខាងអ្នកនាង ភិន សុដាលីស ក៏មិនបានរំឭកពីរឿងមួយនេះដែរ ដោយពួកគេរស់នៅរៀងៗខ្លួន។
ទើបតែនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ លោក អ៊ិន សុភិន ស្រាប់តែបង្ហោះសារវែងអន្លាយមួយរៀបរាប់ប្រាប់សាធារណជនយ៉ាងភ្ញាក់ផ្អើលថា ៖ «ចៅខ្ញុំពេលនេះអាយុ 8 ឆ្នាំហើយ កំពុងសិក្សានៅអាមេរិក ថ្នាក់ទី 2 ជាសិស្សពូកែ ហើយឆ្លាតប្រចាំថ្នាក់។
មុនចេញទៅអាមេរិកចៅបានប្រាប់ខ្ញុំថា ខ្ញុំបានស្គាល់ប៉ាខ្ញុំហើយតាមរយៈ PNNTV ហើយមិត្តភ័ក្រខ្ញុំប្រាប់ដែរ គាត់សួរខ្ញុំថា ម៉េចបានជាប៉ាខ្ញុំមិនមកលេងខ្ញុំចឹង ខ្ញុំឃើញគេមានប៉ាគ្រប់គ្នាអត់តែខ្ញុំនៅក្នុងថ្នាក់រៀន គាត់សួរទៀតថាគាត់ដែលបានជួយអីខ្ញុំទេតាំងពីតូចមក ពេលនោះចៅក៏ស្រក់ទឹកភ្នែក ចំណែកខ្ញុំក៏ស្រក់ដែរ ចៅហក់មកឱបខ្ញុំទាំងយំស្រក់ទឹកភ្នែករហាម ខ្ញុំក៏និយាយលួងចៅថាទោះតារកស៊ីខាតយ៉ាងណា ជំពាក់លុយគេយ៉ាងណា ក៏តាខិតខំមើលចៅឱ្យបានល្អ ជាពិសេសម្ដាយចៅនឹងបញ្ជូនទៅទៀននៅអាមេរិក គាត់ស្រលាញ់ចៅណាស់ ម្ដាយចៅខំណាស់ ខ្ញុំបានប្រាប់ថាប៉ាចៅមិនទទួលស្គាល់ចៅតាំងពីចៅនៅក្នុងម៉ាក់ចៅ 4 ខែម្ល៉េះ ចៅសួរទៀតម៉េចចឹង ខ្ញុំបានប្រាប់ថាគាត់និយាយថាចៅមិនមែនកូនគាត់ ចៅនិយាយថាខ្ញុំមិនជឿទេ ចៅនិយាយទៀតថាសូម្បីតែសត្វឆ្កែវាក៏ចេះស្រលាញ់កូនវាដែរ ចុះប៉ាខ្ញុំម៉េចមិនចេះគិតដល់កូនសោះចឹង គាត់អន់ជាងសត្វឆ្កែទៀតតាមខ្ញុំគិត។
ខ្ញុំមានតែស្រក់ទឹកភ្នែកលួងចៅឱ្យខំរៀនពេលវ៉ាកងមកលេងស្រុកកំណើត បើតាទំនេរ តានឹងទៅលេង។ចៅអើយតានិយាយមិនចេញទេ ពេលនេះចៅបានចូលរៀន 3ខែហើយនៅអាមេរិក»៕