នៅតែស្រណោះ! ថ្ងៃនេះជាខួប ៧ ឆ្នាំរបស់អតីតតារាចម្រៀង សាន ស្រីឡៃ ដែលបានឃ្លាតឆ្ងាយពីម្ដាយ និង កូនៗ
បើត្រឡប់ទៅអតីកាលពី ៧ ឆ្នាំមុន មហាជនអ្នកគាំទ្រនៅតែចាំមិនភ្លេចនូវសោធនាដកម្មដ៏រន្ធត់មួយ ដែលបានកើតឡើងលើអតីតបេក្ខនារីដ៏ឆ្នើមរបស់កម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ២ អ្នកនាង សាន ស្រីឡៃ បានរងការបាញ់ប្រហារយ៉ាងរន្ធត់ពីស្វាមីរបស់នាង ហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដែលបណ្ដាលឱ្យអ្នកទាំងពីរបាត់បង់ជីវិតនៅកន្លែងកើតហេតុកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧។
ការស្លាប់របស់អតីតតារាចម្រៀងស្រីរូបនេះ បានបន្សល់នូវក្ដីឈឺចាប់ អាឡោះអាល័យរកទីបំផុតគ្មានពីសំណាក់ម្ដាយបង្កើតរបស់នាង ជាពិសេសគឺកូនៗទាំង ២ ដែលត្រូវរស់នៅកំព្រាខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ។ ម្យ៉ាងវិញទៀត ម្ដាយរបស់ សាន ស្រីឡៃ គឺជាស្រ្តីមេម៉ាយ ប៉ុន្ដែត្រូវទទួលបន្ទុកចិញ្ចឹមចៅទាំង ២ ឱ្យធំធាត់ឡើងតែម្នាក់ឯងទៀត។
មកដល់ថ្ងៃទី ១៦ តុលា ២០២៤ នេះ គឺជាថ្ងៃគម្រប់ខួបមរណភាពរយៈពេល ៧ ឆ្នាំរបស់ សាន ស្រីឡៃ ក្នុងនោះគេបានឃើញម្ដាយនាង បាននាំកូនៗទាំង ២ របស់នាងយកចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧន្ទិសកុសល់ដល់នាង ក្រោមទិដ្ឋភាពស្រងេះស្រងោចគួរឱ្យអាណិតបំផុត។
ងាកទៅកូនៗរបស់ សាន ស្រីឡៃ វិញ ដ្បិតថារយៈពេលច្រើនឆ្នាំមកនេះពួកគេបានបាត់បង់ឪពុកម្ដាយហើយក្ដី ប៉ុន្ដែពួកគេបានធំធាត់ឡើងក្រោមការមើលថែរបស់លោកយាយ ដែលតស៊ូចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់សព្វថ្ងៃ៕