មិននឹកស្មាន! តាមពិត Liam Payne មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងររហូតធ្លាប់គិតរឿងបញ្ច./ប់ជី./វិត មុនជួបរឿងអកុសលថ្មីៗនេះ
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) មហាជនជាច្រើនស្ទើរពាសពេញពិភពលោកមានការតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងថា តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពទៅហើយទាំងវ័យត្រឹម ៣១ ឆ្នាំ ដោយសារធ្លាក់ចុះពីយ៉ជាន់ទី ៣ នៃសណ្ឋាគារ CasaSur Palermo នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ការធ្លាក់ពីទីដ៏ខ្ពស់នេះបានធ្វើឱ្យ Liam Payne ស្លាប់នៅនឹងកន្លែងដោយសារតែរបួសធ្ងន់ធ្ងរខ្លាំងក្លាពេក។
តាមសារព័ត៌មាន TMZ បានឱ្យដឹងថា អតីតសមាជិកក្រុម One Direction រូបនេះបានបង្ហាញសកម្មភាពប្លែកៗមុនពេលលោកជួបហេតុការណ៍រហូតបាត់បង់ជីវិត។ តាមសាក្សីបានទម្លាយថា ពួកគេបានឃើញ Liam វាយកម្ទេច Laptop ខ្លួនឯងនៅ lobby សណ្ឋាគារ ហើយក្រោយមកក៏ត្រូវបានបុគ្គលិកគ្រាចូលទៅក្នុងបន្ទប់វិញ។ ក្នុងថ្ងៃដដែលនោះ ខាង ៩១១ ក៏ទទួលបានការខលចូលពីបុគ្គលិកសណ្ឋាគារនោះរាយការណ៍ពីបុរសម្នាក់បង្ហាញទង្វើដូចកំពុងស្រវឹង ឬ បែកថ្នាំ។ ករណីរាយការណ៍នេះគឺស៊ីគ្នានឹងសាក្សីដែលថ្លែងប្រាប់សារព័ត៌មានពីសកម្មភាពប្លែកៗរបស់ Liam មុនពេលលោកធ្លាក់ពីយ៉ជាន់ទី ៣ នៃសណ្ឋាគារនោះដែរ។ ភ្លាមៗ ប៉ូលិស និង ក្រុមសង្គ្រោះបានចុះទៅដល់សណ្ឋាគារ និង ទីតាំងកើតហេតុ ហើយបានបើកតង់ពណ៌ក្រហមលើទីតាំងដែល Liam បានធ្លាក់ដើម្បីធ្វើការស៊ើបអង្កេតលើការស្លាប់របស់តារាចម្រៀងប្រុសរូបនេះ។
អ្វីដែលមិននឹកស្មានដល់ មានប្រភពជិតស្និទ្ធបានចេញមកទម្លាយថា Liam Payne តាមពិតប្រឈមនឹងជំងឺ Depression និង បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ប្រភពនោះបានរៀបរាប់ថា៖ «មុនលោកស្លាប់ Liam តស៊ូរស់នៅជាមួយនឹងចិត្តគំនិតអវិជ្ជមាន និង ការប៉ុនប៉ងធ្វើរឿងគ្រោះថ្នាក់ចំពោះខ្លួនឯងយូរណាស់មកហើយ។ លោកព្យាយាមជម្នះវា និង ចង់កម្ចាត់វាចេញពីជីវិតរបស់លោកដែរ ប៉ុន្តែបិសាចដែលនៅក្នុងខ្លួនលោកនោះ (បញ្ហាផ្លូវចិត្ត) គឺវាកាចសាហាវខ្លាំងជាងអ្វីដែល Liam បង្ហាញចេញមកខាងក្រៅទៅទៀត»។
ក្នុងនោះដែរ Liam Payne ក៏ធ្លាប់បានទម្លាយដែរថា រូបលោកបានឆ្លងកាត់ពេលវេលាដ៏ខ្មៅងងឹតនៅក្នុងជីវិតដោយសារតែការប្រើប្រាស់ថ្នាំ និង គ្រឿងស្រវឹង។ នៅពេលនោះ លោកនៅជាសមាជិកក្រុម One Direction នៅឡើយ។ Liam បានរៀបរាប់ថា៖ «អំឡុងពេលនៅក្នុងក្រុម One Direction ខ្ញុំបានប្រើប្រាស់ថ្នាំ និង គ្រឿងស្រវឹងដើម្បីជួយសម្រាលបញ្ហាសម្ពាធ និង ការគិតចង់បញ្ចប់ជីវិតខ្លួនឯង»។ ក្នុងឆ្នាំ ២០២៣ Liam ក៏បានប្រកាសថាលោកបញ្ចប់ការចំណាយពេល ១០០ ថ្ងៃក្នុងមណ្ឌលកែប្រែនៅ Louisiana ហើយលោកក៏អរគុណដល់មនុស្សជាទីស្រឡាញ់របស់លោកដែលតែងតែគាំទ្រក្នុងដំណើរផ្ដាច់គ្រឿងញៀន និង គ្រឿងស្រវឹងនោះ។
គួរបញ្ជាក់ថា ដំណឹងមរណភាពរបស់តារាចម្រៀងប្រុសវ័យក្មេង Liam Payne មិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រស្ទើរពាសពេញពិភពលោកតក់ស្លុតទទួលយកសឹងមិនបាននោះទេ សូម្បីតែមិត្តភក្តិ សិល្បកររួមជំនាន់ក៏ទទួលយកមិនបានដូចគ្នារហូតនាំគ្នាបង្ហាញអារម្មណ៍រន្ធត់សោកស្ដាយចំពោះការបាត់បង់តារាចម្រៀងដ៏មានសមត្ថភាពរូបនេះ៕
ប្រភព៖ Kenh14