ទើបជាប់ងារជាមហាសេដ្ឋីក្ដៅៗ Selena ស្រាប់តែត្រូវគេរិះគន់រឿងដកលុយ ២០ ដុល្លារឱ្យជនអនាថា
កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀង Selena Gomez ដែលទើបតែនឹងឡើងងារជាមហាសេដ្ឋីជាមួយទ្រព្យសម្បត្តិសរុប ១.៣ ពាន់លានដុល្លារ ត្រូវបានប្រទះឃើញចេញពីភោជនីយដ្ឋាន Nobu Fifty Seven ដែលជាភោជនីយដ្ឋានលំដាប់ប្រណីតមួយនៅក្រុងញ៉ូយ៉ក។
តាមព័ត៌មានបានឱ្យដឹងថា ក្រោយថតរូបចុះហត្ថលេខាឱ្យអ្នកគាំទ្ររួច តារាចម្រៀង Selena Gomez ក៏បានដកប្រាក់ចំនួន ២០ ដុល្លារហុចទៅឱ្យជនអនាថានោះរួចនិយាយប្រាប់គាត់ថា៖ «ញ៉ាំអាហារឱ្យឆ្ងាញ់ណា»។ យ៉ាងណាមិញ ទង្វើល្អរបស់ Selena ចំពោះជនអនាថារូបនោះបែរជាទទួលរងមតិអវិជ្ជមានមកលើរូបនាងទៅវិញ។
ជាក់ស្ដែង ក្រោយវីដេអូនោះបានចេញផ្សាយទៅមានមហាជនជាច្រើនបានចូលទៅខមមិនរិះគន់នាងរឿងឱ្យលុយជនអនាថាត្រឹម ២០ ដុល្លារ។ ក្នុងនោះមានអ្នកខមមិនម្នាក់បានសរសេរថា៖ «គួរតែឱ្យគាត់យ៉ាងហោចណាស់ ៥០ ដុល្លារអីទៅ។ លុយត្រឹម ២០ ដុល្លារគឺមិនដឹងធ្វើអ្វីបានទេនៅញ៉ូយ៉កសព្វថ្ងៃនេះ។ មិនអាចទិញបានសូម្បីបារីមួយកញ្ចប់ និង ស្រាបៀមួយកំប៉ុង»។
យ៉ាងណាមិញ ក៏នៅមានអ្នកគាំទ្រមួយចំនួនចេញមកការពារតារាស្រីរូបនេះចំពោះទឹកចិត្តល្អរបស់នាងផងដែរ ដោយមានអ្នកគាំទ្រម្នាក់សរសេរការពារថា៖ «សម្រាប់អ្នកដែលមិនទាន់អាន Selena បានសុំអង្គរក្សនាងចំនួន ២០ ដុល្លារ។ នាងមិនមានលុយជាប់ខ្លួនទេ បើមានប្រហែលនាងអាចឱ្យលើសនេះហើយ» ខណៈម្នាក់ទៀតក៏វាយបកទៅអ្នករិះគន់វិញថា៖ «មុនមកខមមិនហ្នឹង អ្នកឯងឱ្យលុយទៅជនអនាថាបានប៉ុន្មានហើយ?»៕
ប្រភព៖ Dailymail