ស្រីស្អាត ខន សូរិយា ត្រូវគូស្នេហ៍រូបសង្ហាជាអ្នកសិល្បៈដូចគ្នា កន លុតជង្គង់សុំរៀបការរ៉ូមែនទិចណាស់
និយាយពីស្រីស្អាត ខន សូរិយា ជាតារាសម្ដែងស្រីពន្លកថ្មីកំពុងមានសន្ទុះប្រជាប្រិយភាព និង មានទីផ្សារខ្លាំងជាមួយនឹងសមត្ថភាព ទេពកោលស្យយ៉ាងប៉ិនប្រសប់ក្នុងវិស័យសម្ដែងរបស់នាង ដែលឃើញលេចមុខសម្ដែងភាពយន្តខ្មែរ និង ស្ប៉តពាណិជ្ជកម្មជាច្រើនកន្លងមក។
លើសពីនេះ តារាសម្ដែងស្រីពន្លកថ្មីរូបនេះ មិនត្រឹមតែមានទេពកោសល្យសម្ដែងបានយ៉ាងល្អនោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត ជាមួយនឹងស្នាមញញឹមស្រស់ មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលកំពុងតែឆក់យកបេះដូងអ្នកទស្សនា ជាពិសេសអ្នកគាំទ្របុរសៗលង់ស្រឡាញ់ បាក់ចិត្តមិនតិចនោះទេ ជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង។
យ៉ាងណាមិញ ក្រៅពីជីវិតសិល្បៈ កន្លងមក ខន សូរិយា ក៏ត្រូវបានមហាជនចាប់អារម្មណ៍តាមដានពីជីវិតឯកជនរបស់នាងដែរ ជាពិសេសរឿងរ៉ាវស្នេហាដែលតារាស្រីរូបនេះ បានបង្ហាញចំណងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយបុរសរូបសង្ហាម្នាក់ឈ្មោះលោក កន ដែលជាអ្នកស្ថិតក្នុងវិស័យសិល្បៈដូចនាងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង រំភើបអបអរចំពោះតារាស្រីរូបនេះ ខណៈបានឃើញគូស្នេហ៍របស់នាង បង្ហាញរូបភាពដែល Surprise លត់ជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិច។
ជាមួយគ្នានោះ គូស្នេហ៍រូបសង្ហារបស់កញ្ញា ខន សូរិយា ក៏បានបង្ហោះសារភ្ជាប់ជាមួយរូបភាពសុំរៀបការដ៏ផ្អែមល្ហែមថា ៖ «She said YES! អរគុណអូនដែលព្រមទទួលយកបង! សុំប្រកាសប្រាប់ពិភពលោកថាប្រុសស្មោះម្នាក់នេះលែង Single ហើយ #ForeverWith សូរិយាមាសបង»៕