មិនគួរឱ្យជឿ! កំពូលតារាស្រីល្បីលំដាប់ពិភពលោក ២ រូប មានឪពុកជាបុរសកែភេទ សំខាន់គាំទ្រឪពុកពេញទំហឹង
មានឪពុកដែលជាបុរសប្តូរភេទ ស្តាប់ទៅហាក់ស្ទើរមិនគួរឱ្យជឿ ប៉ុន្តែវាជារឿងពិតដែលបានកើតឡើងយ៉ាងពិតប្រាកដ។ ជាពិសេស វាកើតលើកំពូលតារាល្បីលំដាប់ពិភពលោកទៀតផង។
Caitlyn Marie Jenner ឬ Caitlyn Jenner មានឈ្មោះដើម William Bruce Jenner ឬ Bruce Jenner គឺជាជនជាតិអាមេរិក នាងជាវាគ្មិនលើកទឹកចិត្ត និង ជាអតីតកីឡាករអូឡាំពិក ដែលឈ្នះពានរង្វាន់មេដាយមាសជាច្រើន។ លោកជាបុរសស្រលាញ់ភេទដូចគ្នាតាំងពីក្មេង តែជ្រើសរើសការហាត់កីឡា និង ការយកប្រពន្ធមានគ្រួសារ ដើម្បីលាក់បាំងធាតុពិត Caitlyn Jenner បានកសាងគ្រួសារមានប្រពន្ធរហូតដល់ទៅ ៣ នាក់ គឺតារាសម្តែង Chrystie Scott, តារាចម្រៀង Linda Thompson និង Kris Jenner ជាអ្នកជំនួញលើប្រព័ន្ធផ្សព្វផ្សាយ និង សង្គម។
រស់នៅជាមួយប្រពន្ធទាំងបី Bruce Jenner បានបង្កើតកូនដល់ទៅ ៦ នាក់ ដែលបច្ចុប្បន្នពួកគេសុទ្ធតែជាបុគ្គលជោគជ័យ និង ល្បីល្បាញទាំងក្នុងសង្គម និង ពិភពសិល្បៈ។ ក្នុងនោះ កូនប្រពន្ធដើមមាន លោក Burt Jenner អាយុ ៤៦ ឆ្នាំ ជាអ្នកជំនួញ, នាង Cassandra Marino អាយុ ៤៤ ឆ្នាំ ជាអ្នករចនាម៉ូដផ្ទៃខាងក្នុង។ កូនប្រពន្ធទី ២ មាន លោក Brandon Jenner អាយុ ៤៣ ឆ្នាំ ជាតារាចម្រៀង និង លោក Brody Jenner អាយុ ៤១ ឆ្នាំ ជាអ្នកជំនួញ និង ធ្វើកម្មវិធីទូរទស្សន៍។ សម្រាប់កូនប្រពន្ធទី ៣ សុទ្ធតែជាតារាបង្ហាញម៉ូដល្បីឈ្មោះ និង ជាអ្នកជំនួញជោគជ័យវ័យក្មេងគឺ Kendall Jenner អាយុ ២៨ ឆ្នាំ និង Kylie Jenner អាយុ ២៧ ឆ្នាំ។
Bruce Jenner បានប្រកាសខ្លួនជាបុរសប្តូរភេទនៅខែ មេសា ឆ្នាំ ២០១៥ ហើយនាងបានប្រកាសផ្លាស់ប្តូរឈ្មោះរបស់ខ្លួនពី Bruce Jenner ទៅជា Caitlyn Jenner នៅខែកក្កដា ឆ្នាំនោះផងដែរ។ អំឡុងឆ្នាំ ២០១៥ ដល់ ២០១៦ នាងបានលេចមុខនៅក្នុងភាពយន្តឯកសារអាមេរិក «I Am Cait» ដែលផ្តោតលើការផ្លាស់ប្តូរយេនឌ័ររបស់នាងផ្ទាល់តែម្តង។ នាងត្រូវបានគេហៅថាជាបុរសប្តូរភេទ ដែលល្បីជាងគេបំផុតនៅក្នុងពិភពលោក។ នាងក្លាយជាសកម្មជនតស៊ូសិទ្ធិប្តូរភេទ ទោះបីជាទស្សនៈរបស់នាងលើបញ្ហាអ្នកប្តូរភេទត្រូវបានរិះគន់ដោយសកម្មជនប្តូរភេទ និង ចំណោម LGBTQ+ ជាច្រើននាក់ផ្សេងទៀតក៏ដោយ។
ការផ្លាស់ប្តូរឈ្មោះ និង ប្តូរអត្តសញ្ញាណភេទរបស់ Bruce Jenner ដំបូងឡើយកូនប្រពន្ធទី ១ និង ប្រពន្ធទី ២ ពួកគេហាក់មិនសប្បាយចិត្តឡើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំក្រោយមក ពួកគេបានផ្សះផ្សាទំនាក់ទំនងរហូតស្និទ្ធស្នាលឡើងវិញ។ សម្រាប់កូនប្រពន្ធទី ៣ Kendall Jenner និង Kylie Jenner វិញ ពួកនាងបានគាំទ្រការសម្រេចចិត្តរបស់ឪពុកតាំងពីដំបូង ហើយទំនាក់ទំនងពីពេលនោះមក កាន់តែស្និទ្ធស្នាលលើសដើម៕
ប្រភព៖ people