ស្អាតហើយនៅលើកស្ទួយជាតិទៀត! ដេត ស្រីនាឌ MPC 2024 គ្រងឈុតស្រីសួគ៌ខ្មែរ ស្អាតគ្មានទាស់
ពិតណាស់ ក្រោយពីគ្រងតំណែងជា Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ ត្រូវត្រៀមខ្លួនដើម្បីបំពេញបេសកម្មលើឆាកអន្តរជាតិ Miss Planet International លើកទី ៤ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ស្របពេលការប្រកួតលើឆាកអន្តរជាតិកាន់តែកៀកមកដល់នេះដែរ ក្រឡេកទៅមើលបវរកញ្ញា ដេត ស្រីនាឌ បានបង្ហាញការត្រៀមខ្លួនយ៉ាងមោះមុត និង កាន់តែពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំង ហ្វឹកហាត់ទាំងការដើរ ទាំងចំណេះដឹងទូទៅ ភាសា និង សមត្ថភាពផ្សេងៗ។
លើសពីនេះ បើចាប់អារម្មណពីរូបសម្រស់របស់ ដេត ស្រីនាឌ វិញ តាមរយៈការបង្ហោះរូបភាពលើបណ្ដាញសង្គមជាហូរហែ ឃើញថាពីមួយថ្ងៃទៅមួយទៅថ្ងៃនាងកាន់តែស្រស់ស្អាតលេចធ្លោ រីឯអត្តចរិតបវរកញ្ញារូបនេះ ក៏កាន់តែទន់ភ្លន់គួរឱ្យស្រឡាញ់ខ្លាំងឡើង។
ជាក់ស្ដែង ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹករបស់បវរកញ្ញា ដេត ស្រីនាឌ កាន់តែទទួលបានការសរសើរពីរូបសម្រស់ និង ភាពលេចធ្លោរបស់នាង ខណៈឃើញនាងបានគ្រងឈុតបុរាណខ្មែរស្រីសួគ៌មានឈ្មោះថា «អច្ឆរាបរមវិស្ណុលោក» ពិតជាស្រស់ស្អាតទន់ភ្លន់ណាស់។
លើសពីនេះ ដេត ស្រីនាឌ ក៏បានបង្ហាញពីអត្ថន័យនៃឈុតបុរាណដ៏ប្រណីតមួយនេះ ព្រមទាំងបង្ហាញការតាំងចិត្តរបស់ខ្លួនចំពោះសម្បត្តិវប្បធម៌ខ្មែរយ៉ាងមានន័យ ៖ «អច្ឆរា គឺជាស្រីអប្សរឬស្រីសួគ៍។ អប្សរាកើតចេញពីការកូរសមុទ្រទឹកដោះរវាងពពួកអសុរៈនិងទេវៈ។ អប្សរាជាភាវៈអរូបី ពួកគេលេចចេញមកជាស្ត្រីក្មេង មានរូបសម្រស់ស្អាត ដែលមានភាពប៉ិនប្រសប់ក្នុងសិល្បៈរបាំ។ ក្នុងនាមយើងជាម្ចាស់ទឹកដី នាងខ្ញុំសូមអំពាវនាវដល់ ពុកម៉ែបងប្អូនទាំងអស់គ្នា ចូលរួមថែរក្សា កាពារដល់សម្បត្តិវប្បធម៌ ដែលដូនតារបស់យើងបានបន្សល់មក ជាពិសេសគឺនៅតាមតំបន់ប្រាសាទដាច់ស្រយាល នាងខ្ញុំ ដេត ស្រីនាឌសូម ប្តេជ្ញាចិត្តថានឹងខិតខំផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ តាមដែលនាងខ្ញុំអាចធ្វើបាន»៕