ស្រណោះណាស់! អ្នកនិពន្ធ និង ដឹកនាំល្បី លោក កៅ សីហា ទទួលមរណភាពបន្សល់នូវការសោកស្តាយ
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជន ជាពិសេស សិល្បករ សិល្បការិនី មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់លោក កៅ សីហា អ្នកនិពន្ធ និង ដឹកនាំដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស។
ដំណឹងខាងលើនេះ បានធ្វើឱ្យមហាជន និង មិត្តក្នុងរង្វង់សិល្បៈមានក្តីសោកស្តាយ និង សោកសង្រេងជាពន់ពេក ដោយលោក កៅ សីហា បានចាកចេញទៅលឿនពេក។ ក្នុងនោះដែរ អ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលរួមសោកស្តាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក កៅ សីហា ដែលបានបាត់បង់កូនប្រុស បងប្រុស ប្អូនប្រុស ឪពុកមា គ្មានថ្ងៃត្រឡប់។
គួរជម្រាបថា កាលពីរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ មុននឹងទទួលមរណភាព តាមរយៈការជម្រាបដំណឹងពីមិត្តសិល្បករតាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថាលោក កៅ សីហា បានដាច់សរសៃឈាមខួរក្បាល និង បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរពេក ក៏សម្រេចចិត្តបញ្ជូនលោកទៅកាន់មន្ទីរពេទ្យវៀតណាម ប៉ុន្តែជាអកុសល ពេលទៅដល់ប្រទេសវៀតណាមភ្លាម លោក កៅ សីហា ក៏លាចាកលោកទៅ៕