ទោះត្រូវពាក់អៀមខ្មៅប្រឈមនឹងការជម្រុះចេញពីផ្ទះបាយ MasterChef តែចិត្ត លីនណា និង សុធារិទ្ធ នៅត្រជាក់រហឹម
កាលពីរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានឈានដល់សប្តាហ៍ទី ២២ ហើយ ដោយនៅក្នុងសប្តាហ៍នេះ នៅសល់បេក្ខជនចំនួន ៦ នាក់ ដែលត្រូវប្រកួត ដើម្បីជម្រុះបន្តទៅកាន់សប្តាហ៍ក្រោយ ប៉ុន្តែក្នុងសប្តាហ៍នេះ មិនមានបេក្ខជនណាត្រូវបានជម្រុះឡើយ ពោលគឺក្នុងសប្តាហ៍ទី ២២ នេះ នៅរក្សា Top 6 ដដែល។
ដោយឡែកក្រឡេកទៅមើលដំណើរប្រកួតនៃកម្មវិធីឯណោះវិញ វិញ្ញាសាដំបូងក្នុងចង្ក្រានបាយ MasterChef សប្តាហ៍នេះ គឺការធ្វើការងារជាក្រុម ក្នុងមួយក្រុមមានចំនួន ២ នាក់ ដោយ ក្រុមខៀវ មាន ម៉ាលីន និង សំអន, ក្រុមក្រហម មាន លីនណា និង សុធារិទ្ធ រីឯក្រុមស្វាយមាន សុភ័ក្រ្ត និង លីនដា។
ក្នុងនោះដែរ មហាជនអ្នកទស្សនាហាក់ចាប់អារម្មណ៍នឹងក្រុមពណ៌ក្រហម ដែលមាន លីណា និង សុធារិទ្ធ ជាដៃគូខ្លាំងជាងគូដទៃ ក៏ព្រោះតែសប្តាហ៍នេះ អ្នកទាំង ២ បានរួមការងារយ៉ាងល្អ បើទោះជាមានការធ្វេសប្រហែសបន្តិច ប៉ុន្តែម្នាក់ៗមិនប្រើពាក្យមិនល្អដាក់គ្នានោះឡើយ ពោលគឺការធ្វើការដោយចិត្តត្រជាក់។
មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមិនអាចងាកក្រសែភ្នែកទៅមើលបេក្ខជនដទៃទៀតបាន ក៏ព្រោះតែ កញ្ញា លីនណា និង លោក សុធារិទ្ធ ធ្លាប់ត្រូវបានអ្នកគាំទ្រដឹងហើយថា អ្នកទាំង ២ មានទំនាក់ទំនងស្និទ្ធស្នាលហាក់លើសពីមិត្តក្នុងការប្រកួតធម្មតា ដូច្នេះរាល់សកម្មភាពរួមការងាររបស់អ្នកទាំង ២ មើលទៅស្និទ្ធស្នាល និង ប្រើប្រាស់ពាក្យពេចន៍ផ្អែមល្ហែមខ្លាំងទៀតផង។
ជាក់ស្តែង ក្រោយប្រកួតវិញ្ញាសាទី ១ បរាជ័យ និង ត្រូវបានពាក់អាវអៀមខ្មៅទាំងគូក៏ពិតមែន ប៉ុន្តែ លោក សុធារិទ្ធ និង កញ្ញា លីនណា ក៏មើលទៅនៅបារម្ភពីគ្នាដែរ សូម្បីពេលលោក សុធារិទ្ធ បានឡើងទៅតំបន់សុវត្ថិភាពហើយ ឆ្លៀតដើរមកឱប និង ផ្តល់កម្លាំងចិត្តដល់ កញ្ញា លីនណា ថា ៖ «ចាំនៅខាងលើ» ទៀតផង៕