បុរសមុខស្មើ ដាឡែត មិនសូវចេះមាត់ទេ តែយប់មិញលើកឡើង ៣ ចំណុច ពីមនុស្សនិយាយត្រង់ពិតប្រាកដ ផ្ទុះការគាំទ្រព្រាត
ថ្មីៗនេះ បេក្ខជន Top 9 បុរសមុខស្មើ លោក ដាឡែត បានបង្ហោះសំណេរយ៉ាងវែងអន្លាយមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានចែករំលែកនូវផ្នត់គំនិតនៃការគិតដ៏ល្អរបស់លោកជុំវិញមនុស្សនិយាយត្រង់ពិតប្រាកដ។
លោក ដាឡែត បានរៀបរាប់ថា ៖ «ខ្ញុំបានបើកឃើញវីឌីអូបងប្រុសម្នាក់ លើកឡើងនៅក្នុងការបកស្រាយរបស់គាត់ថា គាត់ជាមនុស្សនិយាយត្រង់ មិនចេះនិយាយបញ្ឆិតបញ្ឆៀងច្រើនទេ! ខ្ញុំក៏នឹកឃើញពាក្យខ្លះ បើបងប្អូនគិតថាសមគួរយកទៅគិតពិចារណាចុះ។ ខ្ញុំសម្គាល់មនុស្សនិយាយត្រង់ដូចខាងក្រោម៖
១. មនុស្សនិយាយត្រង់ ចេះយកចិត្តអ្នកដទៃដាក់ក្នុងចិត្តខ្លួន។
២. មនុស្សនិយាយត្រង់ មិននិយាយបំបាក់មុខអ្នកដទៃនៅក្នុងទីសាធារណៈក្រោមហេតុផល (ខ្ញុំមនុស្សត្រង់)។
៣. មនុស្សនិយាយត្រង់ ស្ដាប់មតិយោបល់ហើយ កែតម្រូវគ្នាតាមពេលវេលាសមគួរណាមួយ ឬនៅតែ ២ នាក់ ហើយនិយាយលើកទឹកចិត្តក្នុងន័យស្ថាបនាដោយការគោរពសិទ្ធិគ្នា។ ពាក្យដែលខ្ញុំឧស្សាហ៍ឮបំផុត ខ្ញុំនិយាយលេងសើចនឹង ប៉ុណ្ណឹងប្រកាន់ដែរ ខ្ញុំមនុស្សត្រង់តែប៉ុណ្ណឹង មិនចេះសម្ដែងដូចគេ! «ចំណាំ» សូមបងប្អូនបែងចែកឱ្យដាច់រវាងមនុស្សនិយាយត្រង់ និង មនុស្សនិយាយមិនបានគិតពីអ្នកដទៃ ហើយយល់ច្រឡំថាខ្លួនជាមនុស្សនិយាយត្រង់។ មនុស្ស ២ ប្រភេទនេះ គឺខុសគ្នាមិនអាចប្រៀបធៀបគ្នាបានទេ! បងប្អូនត្រូវចាំពាក្យសម្ដីរបស់បងប្អូនគ្រប់ម៉ាត់ អាចឱ្យនរណាម្នាក់ ឬ ច្រើននាក់មិនសប្បាយចិត្ត និង បាក់ទឹកចិត្តក៏មាន។ ដូច្នេះចូលគិតហើយចាំនិយាយ និង សូមភ្ញាក់រឭក។ សូមអរគុណ»៕