(វីដេអូ) ក្រោយផ្ទុះការរិះគន់ចាស់ដៃ! តាប៊ុយ បង្ហោះវីដេអូសុំទោស កុសុម៉ា រួចថាចង់ចេញកម្មវិធី «ពេញចិត្តឬអត់» ជាមួយគ្នា
ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែកវែកញែកខ្លាំងជុំវិញរឿងរ៉ាវរបស់ពិធីករល្បីឈ្មោះ តាប៊ុយ បានបង្ហោះរូបភាពភ្ជាប់ជាមួយសារមួយពាក់ព័ន្ធនឹង ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង គូដណ្ដឹងរបស់នាង។
សារនោះ ពិធីករ តាប៊ុយ បានរៀបរាប់ភ្ជាប់ជាមួយរូបភាព Pre-Wedding របស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង គូដណ្ដឹងថា ៖ «តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្ដី»។
ក្រោយឃើញការបង្ហោះរបស់ ពិធីករ តាប៊ុយ ក្រឡេកទៅមើលម្ចាស់សាមីខ្លួន គឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏ចេញមុខប្រតិកម្មភ្លាមៗដែរក្រោយពី តាប៊ុយ លេងសើចហាក់មិនឱ្យតម្លៃនាង និង គូដណ្តឹង ដោយក្នុងនោះ សុភ័ក្ត្រ កុសុម៉ា បានរៀបរាប់ថា ៖ «ឯងលេងយូរៗទៅដូចមិនឱ្យតម្លៃខ្ញុំទាំងពីរនាក់សោះ! សំណេរនេះសរសេរមក គឺអ្នកមិនដឹងគេប្រាកដជាមាក់ងាយទៅគូដណ្តឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី»។
ស្របពេលផ្ទុះការវែកញែកពីមហាជន និង មានការប្រតិកម្មពីសាមីខ្លួនខ្លាំង នៅយប់ថ្ងៃដដែលនេះ តាប៊ុយ ក៏បានចេញវីដេអូនិយាយសុំទោសទៅកាន់ សុភ័ក្រ្ត កុសុម៉ា ចំពោះការបង្ហោះសាររបស់លោកធ្វើឱ្យប៉ះពាល់ដល់នាង ដោយលោកពុំបានគិតថាការបង្ហោះនោះវាធ្ងន់ធ្ងរឡើយ ប៉ុន្តែបើមានការប៉ះពាល់ធ្ងន់ធ្ងរ គឺឱ្យលោកសុំទោសផង ព្រោះលោកចូលចិត្តនិយាយត្រង់ មិនចេះនិយាយបញ្ឆិតបញ្ឆៀងច្រើនទេ តែវីដេអូនោះក៏ត្រូវបាន តាប៊ុយ លុបចេញវិញ។
លើសពីនេះ តាប៊ុយ ក៏បាននិយាយពីទំនាក់ទំនងការរាប់អានរវាងលោក និង សុភ័ក្រ្ត កុសុម៉ា ដែលលោកបង្ហើបពីការមានគម្រោងផលិតវីដេអូធ្វើទីផ្សារជាមួយគ្នា ហើយលោកក៏មានគម្រោងចង់បញ្ចេញកម្មវិធី «ពេញចិត្តឬអត់» ជាមួយ សុភ័ក្រ្ត កុសុម៉ា វិញទៀតផង៕