កក្រើកទៀតហើយ! នៅខែវិច្ឆិកាឆាប់ៗនេះ ក្រុមចម្រៀងប្រុសស្អាត La Cima មានរឿងពិសេស ៤ សម្រាប់អ្នកគាំទ្រ
ជាការពិតណាស់ បើគិតមកដល់ពេលនេះ ក្រុមចម្រៀង La Cima Cartel ត្រូវបានចាត់ទុកថាជាក្រុមចម្រៀងយុវវ័យមួយដ៏មានប្រជាប្រិយភាព និង ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ពិសេសក្នុងស្រទាប់យុវវ័យ។
ក្នុងនោះដែរ មិនត្រឹមតែសមត្ថភាពលើវិស័យចម្រៀងប៉ុណ្ណោះទេ តែសមាជិកទាំង ៧ រូប ក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងផងដែរ។ លើសពីនោះ រាល់បទចម្រៀងរបស់ពួកគេចេញមកម្តងៗ គឺសុទ្ធតែទទួលបានការពេញនិយមចាក់ស្តាប់ និង ទស្សនាច្រើន ព្រមទាំងឈរនៅចំណាត់ថ្នាក់ល្អក្នុង YouTube ទៀតផង។
ងាកមកកាន់សមិទ្ធផលក្នុងឆ្នាំ ២០២៤ នេះ កាលពីដើមឆ្នាំ អ្នកគាំទ្រឃើញថា La Cima Cartel បានបញ្ចេញ Album ចម្រៀងថ្មីឈ្មោះថា «ARCHIVE» ផ្ទុះការគាំទ្រយ៉ាងខ្លាំង។ លើសពីនោះ សមាជិកទាំង ៧ ក៏បានក្លាយទៅជាទូតសុឆន្ទៈសម្រាប់បណ្តាក្រុមហ៊ុនធំៗជាច្រើនក្នុងប្រទេសកម្ពុជាទៀតផង។
ដោយឡែក ក្រោយពីបានបញ្ចេញសមិទ្ធផលថ្មីកាលពីដើមឆ្នាំ ២០២៤ ហើយនោះ ថ្មីៗនេះដែរ ពោលគឺកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៤ ក្នុងកម្មវិធី «La Cima Cartel Forever Falcon» ក្រុម La Cima Cartel បានបង្ហើបរឿងមួយធ្វើឱ្យអ្នកគាំទ្ររំភើប និង អន្ទះសាយ៉ាងខ្លាំង ដោយ La Cima Cartel នឹងត្រៀមបង្ហាញអ្វីយ៉ាងពិសេសនៅចុងខែតុលា និង ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ក្នុងនោះដែរ តាមរយៈការរៀបរាប់លម្អិតពីត Tomie សមាជិក La Cima Cartel បានឱ្យដឹង La Cima Cartel នឹងត្រៀមបង្ហាញអ្វីពិសេស ៤ យ៉ាងរួមមាន «១. La Cima Cartel នឹងត្រៀមបញ្ចេញ Short Firlm រឿង «លង់ស្នេហ៍នារីកម្រ» នៅក្នុងខែតុលានេះ ដោយភាគទី ១ បានចេញរួចរាល់ហើយ», «២. ការបញ្ចេញ Documentary Our Journey Begins ភាគ ២», «៣. La Cima Cartel នឹងបញ្ចេញនូវ Abum ចម្រៀង Never Done This Before» និង «៤. La Cima Cartel នឹងរៀបចំ Solo Concert នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤»៕