មិនឡិមឡុំ! Miss International បញ្ចេញកាលវិភាគប្រកួតផ្លូវការ តាំងពីថ្ងៃដំបូងដល់រាត្រីគ្រងមកុដ គឺច្បាស់លាស់ និង ស្តង់ដារ
រយៈពេលជិត ២ ខែហើយ ដែលកម្មវិធី Miss Cambodia បានស្វែងរកឃើញម្ចាស់មកុដប្រចាំឆ្នាំ ២០២៤ គឺកញ្ញា ឡូយ ច័ន្ទរស្មី ដែលមានទាំងរូបសម្រស់ ចំណេះដឹង សមត្ថភាពស័ក្តិសមបំផុតសម្រាប់តំណាងកម្ពុជាឈរលើឆាកអន្តរជាតិ Miss International 2024។
សម្រាប់ការតំណាងប្រទេសរបស់ Miss Cambodia 2024 កញ្ញា ឡូយ ច័ន្ទរស្មី នឹងត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ Miss International 2024 ដែលប្រព្រឹត្តឡើងនៅឯប្រទេសជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ ក្រោយពីគ្រងតំណែងជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Cambodia 2024 នេះ កញ្ញា ឡូយ ច័ន្ទរស្មី បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម និង បានធ្វើការហ្វឹកហាត់ត្រៀមខ្លួនរួចជាស្រេច ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ ដោយពង្រឹងទាំងការដើរ ចំណេះដឹង ភាសា និង សកម្មភាពផ្សេងៗ ជាពិសេសថែរូបសម្រស់ឱ្យកាន់តែស្រស់ស្អាត។
ស្របពេលបវរកញ្ញា ឡូយ ច័ន្ទរស្មី បានត្រៀមខ្លួនរួចរាល់សម្រាប់ដំណើរការឆ្ពោះទៅលើឆាកអន្តរជាតិនេះដែរ ថ្មីៗនេះ ក៏បានឃើញផេកផ្លូវការរបស់ Miss International បានបង្ហោះពីកាលបរិច្ឆេទនៃការប្រកួតជាផ្លូវការហើយ ព្រមទាំងកាលវិភាគនៃដំណើរការប្រកួតផ្សេងៗ ដែលកម្មវិធីនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ តាមការសង្កេតមើលក្នុងកាលវិភាគដែលបានដាក់ចេញនេះ ឃើញថាតាំងពីថ្ងៃដំបូងដល់រាត្រីគ្រងមកុដ គឺពីមួយថ្ងៃទៅមួយថ្ងៃមានភាពច្បាស់លាស់ និង ស្តង់ដារបំផុត៕