(វីដេអូ) មិនចោលទេពកោសល្យ! ទៅរស់នៅដល់អូស្ត្រាលីហើយ អ្នកម្តាយរបស់ ឱក សុគន្ធកញ្ញា នៅសម្តែងតួ យាយផាន់ បានយ៉ាងល្អ
អ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា ច្បាស់ជាបានជ្រាបខ្លះៗមកហើយពីជីវប្រវត្តិរបស់អ្នកនាង ដែលមានអ្នកម្តាយ គឺជាគ្រូបង្រៀន និង ជាអ្នកបង្ហាត់របាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ គឺអ្នកស្រី អ៊ីន សុគន្ធ។
ក្នុងនោះដែរ បច្ចុប្បន្នក្នុងចំណោមបងប្អូន ៣ នាក់ គឺមានតែអ្នកនាង ឱក សុគន្ធកញ្ញា តែម្នាក់ប៉ុណ្ណោះ ដែលដើរលើគន្លងសិល្បៈកាត់ទៅរកអ្នកម្តាយ និង បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
ងាកមកកាន់អ្នកម្តាយរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកស្រី អ៊ីន សុគន្ធ ឯណោះវិញ បច្ចុប្បន្ន អ្នកស្រីបានបញ្ចប់អាជីពជាគ្រូរបាំ និង បានចាកចេញទៅរស់នៅឯប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះដែរ ថ្មីៗកន្លងមកនេះ អ្នកគ្រូ អ៊ីន សុគន្ធ ក៏ទើបតែវិលត្រលប់មកលេងប្រទេសកម្ពុជា និង បានចូលរួមទស្សនាការប្រគំរបស់កូនស្រីជាទីស្រឡាញ់ គឺអ្នកនាង ឱក សុគន្ធកញ្ញា កាលពីអំឡុងខែ កញ្ញា ផងដែរ។
ដោយឡែក ថ្មីៗនេះអ្នកលេងបណ្តាញសង្គម Tik Tok បានចាប់អារម្មណ៍នឹងវីដេអូមួយរបស់អ្នកគ្រូ អ៊ីន សុគន្ធ ដែលបានសម្តែងឈុតឆាកមួយក្នុងរឿង ទុំទាវ ដោយអ្នកគ្រូបានសម្តែងជាតួ យាយផាន់។ ក្នុងនោះដែរ អ្នកទស្សនាបានបញ្ចេញមតិថា បើទោះជាអ្នកគ្រូទៅរស់នៅក្រៅប្រទេសច្រើនឆ្នាំហើយ ប៉ុន្តែអ្នកគ្រូនៅតែស្រឡាញ់ និង រក្សាទេពកោសល្យសម្តែងបានយ៉ាងល្អ៕