ភ្ជាប់ពាក្យជាង ១ ឆ្នាំ! ទីបំផុត ខាយ និង គូដណ្តឹងដឹកដៃគ្នាថតរូប Pre-Wedding ហើយ
គិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំ ហើយ ដែលតារាប្រុសសំឡេងផ្អែមលោក ខាយ និង កញ្ញា មុន្នីនាថ បានបញ្ចប់ឈ្មោះជាសង្សារក្លាយជាគូដណ្ដឹង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
ក្នុងនោះ ចាប់តាំងពីប្ដូរឈ្មោះជាសង្សារក្លាយជាគូដណ្ដឹងនឹងគ្នាមក ខាយ និង កញ្ញា មុន្នីនាថ កាន់តែបង្ហាញសេចក្ដីទុកចិត្តលើគ្នា យល់ចិត្ត គិតគូររឿងអនាគតជាមួយគ្នា ជាពិសេសជារឿយៗ គេតែងឃើញអនាគតគូស្វាមីភរិយាដ៏ស័ក្ដិសមមួយគូនេះ បណ្ដើរគ្នាទៅណាមកណាប្រកបដោយស្នាមញញឹម និង ក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យអ្នកជុំវិញខ្លួនលួចច្រណែននឹងគូនេះមិនតិចនោះទេ។ ម្យ៉ាងវិញទៀត ក្រោយពីភ្ជាប់ពាក្យនឹងគ្នាហើយនោះ អ្នកគាំទ្រក៏អន្ទះសាចង់ឃើញ គូដណ្តឹងមួយគូនេះ ដឹកដៃគ្នាចូលរោងការឆាប់ៗផងដែរ។
កន្លងទៅនេះ លោក ខាយ និង គូដណ្តឹង ក៏បានឱ្យដឹងដែរថា អ្នកទាំងពីរគិតគូររកពេលាល្អដើម្បីរៀបចំពិធីមង្គលការតាមប្រពៃណីហើយ ដោយរៀបចំនៅដើមឆ្នាំ ២០២៥ ខាងមុខ នៅគេហដ្ឋានខាងស្រីខេត្តសៀមរាប ចំណែកពេលវេលាច្បាស់លាស់ ពួកគេទាំងពីរសុំលាក់សិន។
យ៉ាងណាមិញ ថ្មីៗនេះ គេបានឃើញលោក ខាយ និង កញ្ញា មុន្នីនាថ បានដឹកដៃគ្នាទៅថតរូបជាគូដាក់នៅមុខរោងការហើយ ដែលធ្វើឱ្យមហាជនអន្ទះសាចង់ឃើញអនាគតកូនកំលោះស្រស់សង្ហា និង កូនក្រមុំស្រស់សោភាមួយគូនេះ ក្នុងថ្ងៃមង្គលកាន់តែខ្លាំង៕