(វីដេអូ) Miss Earth កម្ពុជា រដ្ឋា ភីយ៉ាដេត កំពុងប្រកួតនៅហ្វីលីពីន ត្រូវហ្វេនបរទេសស្រឡាញ់ខ្លាំង
រយៈពេល ៣ ថ្ងៃមកហើយ ដែល Miss Earth Cambodia 2024 កញ្ញា រដ្ឋា ភីយ៉ាដេត បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសហ្វីលីពីន ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Earth 2024។
មកដល់ពេលនេះ កម្មវិធី Miss Earth 2024 កាន់តែកៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុននេះ ដោយពេលនេះដែរ ក្រឡេកទៅមើលបេក្ខភាពបវរកញ្ញាកម្ពុជាយើង និង បេក្ខភាពប្រទេសផ្សេងៗទៀត ក៏កំពុងស្ថិតក្នុងដំណើរការប្រកួតត្រៀមខ្លួនយ៉ាងស្វាហាប់។
ក្នុងដំណើរប្រកួតប៉ុន្មានថ្ងៃមកនេះ បវរកញ្ញា រដ្ឋា ភីយ៉ាដេត តែងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរជាមួយនឹងវត្តមានរបស់នាងក្នុងដំណើរការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពលេចធ្លាខ្លាំង ទាំងការទំនាក់ទំនង ការតុបតែងខ្លួន និង ដំណើរទស្សនកិច្ចផ្សេងៗលើទឹកដីហ្វីលីពីន។
អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាចាប់អារម្មណ៍ និង រំភើបចំពោះបវរកញ្ញាកម្ពុជាយើង ខណៈបានឃើញថា រដ្ឋា ភីយ៉ាដេត ស្ថិតក្នុងដំណើរការប្រកួតនេះ ហាក់ទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីអ្នកគាំទ្របរទេស ជាពិសេសបណ្ដាអ្នកគាំទ្រប្រទេសហ្វីលីពីនជាច្រើន បានទទួលស្វាគមន៍បង្ហាញក្ដីស្រឡាញ់ និង តាមគាំទ្រចំពោះនាងស្ទើរគ្រប់កន្លែង។
ជាមួយគ្នានោះ ចំពោះសន្ទុះប្រជាប្រិយភាពរបស់បវរកញ្ញា រដ្ឋា ភីយ៉ាដេត នេះដែរ ក៏ត្រូវបានគេដឹងថារូបនាងទទួលបានការចាប់អារម្មណ៍ស្គាល់ និង គាំទ្រពីហ្វេនបរទេសច្រើនស្រាប់ តាំងពីកាលអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ មកម្ល៉េះ ដោយ រដ្ឋា ភីយ៉ាដេត គឺជាអ្នកធ្វើការងារស្ម័គ្រចិត្តម្នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ៕