លោក Yang Hyun Suk ប្រឈមការចោទប្រកាន់ថ្មីលើករណីរត់ពន្ធនាឡិកាប្រណីត ២ គ្រឿងតម្លៃជិត ៦២ ម៉ឺនដុល្លារខុសច្បាប់
លោក Yang Hyun Suk ប្រធានផលិតករនៃផលិតកម្ម YG ថ្មីៗនេះត្រូវបានជាប់ចោទលើករណីថ្មីមួយពាក់ព័ន្ធនឹងការរត់ពន្ធ។ ការិយាល័យព្រះរាជអាជ្ញាស្រុកប៊ូសានបានចោទប្រកាន់លោក Yang Hyun Suk ដោយគ្មានការឃុំឃាំងលើករណីយកនាឡិកាប្រណីតចំនួន ២ គ្រឿងតម្លៃសរុប ៨២៨ ០៦០ ០០០ វ៉ុន (ប្រមាណ ៦១៧ ០០០ ដុល្លារ) ចូលប្រទេសកូរ៉េដោយមិនមានការប្រកាសឱ្យខាងគយដឹងឮក្នុងខែកញ្ញា ឆ្នាំ ២០១៤ កន្លងទៅ។
យោងតាមមាត្រា ២៤១ នៃច្បាប់គយ ជនណាដែលនាំចូលទំនិញត្រូវតែប្រកាសលម្អិតពីទំនិញនោះប្រាប់ដល់គយដូចជា ឈ្មោះទំនិញ ចំនួនទំនិញ និង តម្លៃ។ ការដែលមិនបានប្រកាសលម្អិតពីទំនិញដែលនាំចូលអាចប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ឬ ពិន័យជាសាច់ប្រាក់រហូតដល់ ១០ ដងនៃពន្ធគយ ជាមួយនឹងការពិន័យយ៉ាងតឹងរឹងប្រសិនបើទំនិញដែលមិនប្រកាសនោះមានតម្លៃលើស ២០០ លានវ៉ុន ប៉ុន្តែក្រោម ៥០០ លានវ៉ុន។
ផលិតកម្ម YG បានសម្ដែងការមិនពេញចិត្តដោយលើកឡើងថាករណីនេះត្រូវបានកាត់ទោសភ្លាមៗមុនអាជ្ញាយុកាលផុតកំណត់។ ខាងផលិតកម្មបានបកស្រាយថាលោក Yang បានស្ម័គ្រយកនាឡិកាទាំងនោះទៅឱ្យខាងអាជ្ញាធរកាលពីឆ្នាំ ២០១៧ ហើយក៏សហការពេញទីជាមួយនឹងការស៊ើបអង្កេតផងដែរ។
យ៉ាងណាមិញ សារព័ត៌មានមួយបានរាយការណ៍ថានាឡិកាទាំងនោះគឺមិនមែនជារបស់គេ sponsor ឱ្យនោះទេ ដោយលោក Yang បានស្នើសុំនាឡិកាយ៉ាងជាក់លាក់ពីអ្នកតំណាងនៃម៉ាកនាឡិកាប្រណីតនោះមុនពេលចូលរួមកម្មវិធីនៅសិង្ហបុរីកាលពីខែកញ្ញា ឆ្នាំ ២០១៤ កន្លងទៅ។ នាឡិកាប្រណីតទាំងនោះរួមមាន នាឡិការូបក្បាលខ្មោចតម្លៃ ៧១១ ៥១០ ០០០ វ៉ុនមួយ និង នាឡិកាពណ៌ខ្មៅតម្លៃ ១១៦ ៥៥០ ០០០ វ៉ុនមួយទៀត។
គួរបញ្ជាក់ថា សវនាការដំបូងលើករណីថ្មីរបស់លោក Yang Hyun Suk នេះដែរនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនៅតុលាការស្រុកភាគខាងលិចក្រុងសេអ៊ូល៕
ប្រភព៖ AllKpop