អ្នកគាំទ្រសរសើរទឹកចិត្ត សុភ័ក្រ្ត កុសុម៉ា មិនប្រកាន់ តាប៊ុយ ថែមទាំងចាត់ទុកលោកជាអ្នកមានគុណម្នាក់
ជុំវិញរឿងរ៉ាវពាក្យសម្ដីរបស់ពិធីករ តាប៊ុយ និយាយពាក់ព័ន្ធនឹង ពិធីការិនី សុភ័ក្រ្ត កុសុម៉ា និង អនាគតស្វាមីរបស់នាង កាលពីប៉ុន្មានថ្ងៃកន្លងទៅ ដែលផ្ទុះការវែកញែកខ្លាំងនោះ មកដល់ពេលនេះ ក៏បានឃើញ សុភ័ក្រ្ត កុសុម៉ា បានបង្ហោះសារទទួលយកការសុំទោសពី តាប៊ុយ ក្រោយពីពិធីកររូបនេះ បានផ្ញើលិខិតសុំទោសម្ដងទៀត និង ផ្កាមួយកន្រ្តកជូន កុសុម៉ា បង្ហាញពីចិត្តសុំទោសដោយចិត្តស្មោះចំពោះកំហុសរបស់លោក។
សារនោះ កញ្ញា សុភ័ក្រ្ត កុសុម៉ា ក៏បានបង្ហាញឱ្យដឹងថានាងក៏មិនបានប្រកាន់ទោសចំពោះលោក តាប៊ុយ ដែលជាមិត្តស្និទ្ធស្នាលរូបនេះដែរ ព្រមទាំងនាងក៏បានសុំឱ្យមហាជនជួយយោគយល់អធ្យាស្រ័យ និង លើកលែកចំពោះកំហុសរបស់លោកផងដែរ។
ក្នុងនោះ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ថា ៖ «ជាដំបូង នាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនមិត្តភក្តិ និង បងប្អូនសិល្បករទាំងអស់ សម្រាប់ការបារម្ភពួកខ្ញុំទាំងពីរ យើងខ្ញុំពិតជាសូមអរគុណមែនទែនសម្រាប់ការស្រឡាញ់ និង ផ្តល់ក្តីស្រឡាញ់ចំពោះយើងខ្ញុំទាំងពីរ ការពិតទៅមកដល់ពេលនេះនាងខ្ញុំក៏មិនបានប្រកាន់ទោសអូសដំណើរជាមួយបងប្រុស តាប៊ុយ ដែរ ព្រោះថាគាត់ក៏ជាអ្នកមានគុណរបស់ខ្ញុំមួយរូប ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ ហើយមួយវិញទៀតគាត់ក៏បានសុំទោសនាងខ្ញុំរួចរាល់ផងដែរ ដូច្នេះសង្ឃឹមថាបងប្អូនយោគយល់អធ្យាស្រ័យ និង លើកលែងកំហុសរបស់គាត់ផង»។
ចំពោះការបង្ហោះរបស់ សុភ័ក្រ្ត កុសុម៉ា នេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង បានសរសើរពីទឹកចិត្តរបស់នាងខ្លាំង គឺត្រង់ចំណុច ដែលនាងមិនប្រកាន់ទោសចំពោះ តាប៊ុយ ព្រោះនាងចាត់ទុកពិធីកររូបនេះជាអ្នកមានគុណម្នាក់ធ្វើឱ្យនាងមានថ្ងៃនេះ ដោយអាចនឹងសំដៅលើការជួយជ្រោមជ្រែង និង ផ្ដល់ឱកាសលើការងារសិល្បៈរបស់នាងកន្លងមកផងដែរ៕