(វីដេអូ) ពេញភ្នែក! នេះជាឈុតតំណាងជាតិត្រៀមបំពាក់លើ ប្រាសាទ ដាវីន ក្នុងការប្រកួត Miss Universe នៅម៉ិចស៊ិក
ក្រោយពីទទួលបានជ័យលាភីគ្រងមកុដ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បានធ្វើការពង្រឹងសមត្ថភាពហ្វឹកហាត់ត្រៀមខ្លួនអស់មួយរយៈហើយ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe 2024 លើកទី ៧៣។
ស្របពេលបវរកញ្ញា ប្រាសាទ ដាវីន កំពុងធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ឈរលើឆាកអន្តរជាតិនេះដែរ កាលពីកន្លងទៅក៏បានឃើញហ្វេសប៊ុកផេកផ្លូវការរបស់ Miss Universe បានធ្វើការបង្ហោះជូនដំណឹងជាផ្លូវការណ៍បានឱ្យដឹងថាការប្រកួត Miss Universe 2024 លើកទី ៧៣ នឹងធ្វើឡើងនៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
ជាមួយគ្នានោះ ថ្មីៗនេះ តាមរយៈហ្វេសប៊ុកផេកផ្លូវការ Miss Universe Cambodia ក៏បានបង្ហោះសារជូនដំណឹងឱ្យដឹងថាបវរកញ្ញា ប្រាសាទ ដាវីន នឹងត្រៀមចេញដំណើរហោះទៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ នេះហើយ។
ស្របពេលនេះដែរ ស្ថាប័ន Miss Universe Cambodia ក៏បានបញ្ចេញវីដេអូជាផ្លូវការនូវឈុតតំណាងជាតិដែលនឹងគ្រងដោយបវរកញ្ញា ប្រាសាទ ដាវីន យកទៅប្រកួតលើឆាកអន្តរជាតិ Miss Universe នេះហើយ ស្អាតប្រណីតខ្លាំង ពោរពេញដោយអត្ថន័យដែលមានឈ្មោះថា «អាទិទេពនៃសម័យកណ្ដាល»។
ចំពោះអត្ថន័យនៃឈុតដ៏ប្រណីតល្អឯក «អាទិទេពនៃសម័យកណ្ដាល» នេះ ជាស្នាដៃរចនាឡើងដោយក្រុមអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះថា Skor Krob ដែលបានរៀបរាប់ពីអត្ថន័យនៃឈុតនេះថា ៖ «អាទិទេពនៃសម័យកណ្ដាល God of the Middle Period ឈុតដកស្រង់ និង កែឆ្នៃបន្ថែមចេញពីបដិមានៅក្នុងសម័យកណ្ដាល ( លង្វែក ) ដែលជាសម័យមួយដ៏រុងរឿងបន្ទាប់ពីសម័យអង្គរ។ ដែលបង្ហាញអំពី អំណាច ទីខ្ពស់នៃអទិទេព និង សិល្បៈសម្បូរបែបរបស់ខ្មែរ ដែលសព្វថ្ងៃភាគច្រើនបន្សល់ទុកនៅស្នាដៃដែលឆ្លាក់នៅលើចម្លាក់ឈើដែលយើងអាចឃើញបាននៅក្នុងសារមន្ទីរជាតិភ្នំពេញ និង សារមន្ទីរជាតិអង្គរខេត្តសៀមរាប និង ម៉ូតខ្លះអាចរកឃើញនៅក្នុងសៀវភៅដែលកត់ត្រាដោយលោកស្រី Madeleine Giteau ដោយចម្លាក់បដិមាឈើមានភាពលេចធ្លោទៅលើសំលៀកបំពាក់ និង គ្រឿងអលង្ការ។ Khmer national costume»៕