មានក្តីសុខណាស់! សេន រ៉ានុត សំងំសាងគ្រួសារនៅអាមេរិក មានចំណងដៃកូនប្រុសស្រី ៣ នាក់ហើយ
ប្រិយមិត្តពិតជានៅចាំលោក សេន រ៉ានុត អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីអំឡុងឆ្នាំ ២០០០ មិនខាន ទោះបីជាពេលនេះតារាប្រុសសង្ហារូបនេះបានបាត់មុខពីសិល្បៈជាង ១០ ឆ្នាំទៅហើយក្ដី ប៉ុន្តែនៅតែមានអ្នកគាំទ្រនឹករឭកដល់លោកយ៉ាងខ្លាំង។
ពិតណាស់ លោក សេន រ៉ានុត កំពុងរស់នៅឯសហរដ្ឋអាមេរិក បើក្រឡេកទៅមើលអាជីពបស់លោក សេន រ៉ានុត នៅលើទឹកដីនេះវិញ ទោះជាមិនបានបន្តអាជីពជាតារាចម្រៀងទៀត តែលោកក៏ធ្លាប់បានចេញបទចម្រៀងជាបន្តបន្ទាប់ផងដែរ ដើម្បីកម្សាន្តអារម្មណ៍ និង ជាកាដូដល់អ្នកគាំទ្រដែលតែងមានការនឹករឭកទៅដល់លោក។
ក្រោយចាកចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីអាមេរិកប្រមាណជាង ១០ ឆ្នាំមកនេះ លោក សេន រ៉ានុត ក៏បានរៀន និង មានជំនាញជាជាងធ្វើគ្រឿងអលង្ការ ពោលគឺជាងមាស ហើយលោកមានឈ្មោះជាថៅកែ និង បានបើកហាងមាសនៅឯទីនោះផងដែរ។ ងាកទៅកាន់ជីវិតគ្រួសារឯនោះវិញ លោក សេន រ៉ានុត ក៏បានរៀបការរួចហើយដែរ នៅលើទឹកដីអាមេរិក ដោយបច្ចុប្បន្នលោក និង ភរិយា ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ៕