Miss Grand មីយ៉ាន់ម៉ា និយាយត្រឹមប៉ុន្មានម៉ាត់ ក្រោយរបូតឱកាសគ្រងមកុដ MGI 2024
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ យប់មិញនេះ កម្មវិធី MGI 2024 បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដោយកម្មវិធីបានប្រកាសបវរកញ្ញាគ្រងមកុដថ្មី គឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា ខណៈបវរកញ្ញាមកពីប្រទេសហ្វីលីពីន ទទួលបានតំណែង 1st Runner Up និង បវរកញ្ញាមីយ៉ាន់ម៉ា ទទួលបានមកុដ 2nd Runner Up។
បន្ទាប់ពីកម្មវិធីប្រកាសម្ចាស់មកុដថ្មីនេះ លើបណ្ដាញសង្គមកំពុងផ្ទុះចែករំលែកខ្លាំងនូវរឿងក្ដៅគគុកមួយ ដែលក្រោយពេលផ្ទេរមកុដនេះ ក៏បានឃើញអ្នកគ្រប់គ្រងកម្មវិធី Miss Grand មីយ៉ាន់ម៉ា (ND Miss Grand Myanmar) បានដោះមកុដពីលើក្បាលបវរកញ្ញារបស់ខ្លួន ហើយចោលនៅចំណោមមនុស្សជាច្រើន ព្រមទាំងឱ្យក្រុមការងារលើកបីបវរកញ្ញារបស់ខ្លួនចេញពីឆាកភ្លាមៗ។
ក្រឡេកទៅមើលបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមរបស់ Miss Grand មីយ៉ាន់ម៉ា គឺនាង Thae Su Nyein ដែលជាក្មេងស្រីវ័យ ១៨ ឆ្នាំ ពោរពេញដោយសមត្ថភាពលេចធ្លោខ្លាំង និង មានការរំពឹងខ្ពស់ពីអ្នកគាំទ្រទូទាំងប្រទេសថានឹងក្លាយជាម្ចាស់មកុដ MGI 2024 នេះ ប៉ុន្តែបែរជាមិនមានឱកាសវិញ ដែលធ្វើឱ្យមហាជនខកបំណងចំពោះកម្មវិធី MGI យ៉ាងខ្លាំង។
ជាមួយគ្នានោះដែរ លើហ្វេសប៊ុករបស់បវរកញ្ញា Thae Su Nyein ក្រោយពីមិនទទួលបានជោគជ័យលើឆាក MGI 2024 ដូចការរំពឹងរបស់អ្នកគាំទ្រ ខណៈចប់កម្មវិធីភ្លាម នាងក៏បានបង្ហោះសារមួយឃ្លាបង្ហាញការសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួនថា ៖ «I’m so sorry guys» ដែលមានអត្ថន័យថា «ខ្ញុំសុំទោសអ្នកទាំងអស់គ្នា»៕