កូនមាស កូនពេជ្រ! វណ្ណដា រវល់យ៉ាងណាក៏ឆ្លៀតជូនឪពុកម្តាយទៅធ្វើកឋិន ចែកអំណោយដល់ពលរដ្ឋនៅស្អាង
កន្លងមកមហាជននិយមតាមដានរឿងរ៉ាវរបស់លោក វណ្ណដា ច្បាស់ជាបានជ្រាបហើយថា ក្រៅពីការងារ គឺលោករមែងចាយពេលវេលាជាមួយនឹងក្រុមគ្រួសារ ជាពិសេសអ្នកមានគុណទាំង ២ ក្នុងនាមជាកូនប្រុសពៅដ៏កតញ្ញូមួយរូប។
បើទោះជាមិនសូវបាននាំឪពុកម្តាយ ដើរកម្សាន្តក្រៅប្រទេសញឹកញាប់ក៏ពិតមែន ប៉ុន្តែ លោក វណ្ណដា តែងតែបំពេញបំណងជូនលោកអ្នកមានគុណ ដូចជាការជូនលោកទាំង ២ ទៅធ្វើបុណ្យដាក់ទាន ដើរកម្សាន្តនៅស្រុកកំណើតជាដើម។
ជាក់ស្តែង ថ្មីៗនេះ ក្រោយពីបានស្រាលដៃបន្ទាប់ពីបានប្រកាសដំណឹងធ្វើ Album ចម្រៀងទី ៣ រួចរាល់ហើយនោះ លោក វណ្ណដា ក៏ដូចជាបងៗ បានបំពេញកាតព្វកិច្ចជាកូនៗ ជូនឪពុកម្តាយទៅធ្វើបុណ្យកឋិនទាននៅ វត្តជម្ពូវ័ន (ហៅវត្តថ្មី) ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះ លោក វណ្ណដា មិនត្រឹមតែជូនឪពុកម្តាយ ទៅធ្វើកឋិនតែម្យ៉ាងនោះទេ តែលោកក៏បានចែកអំណោយជូនដល់បងប្អូននៅទីនោះថែមទៀតផង៕