(វីដេអូ) Miss Grand មីយ៉ាន់ម៉ា បកស្រាយលម្អិតពីការបោះបង់តំណែងលំដាប់រងទី ២ ក្នុងកម្មវិធី MGI 2024
និយាយពី Miss Grand មីយ៉ាន់ម៉ា កញ្ញា Thae Su Nyein បានបញ្ចប់បេសកកម្មរបស់ខ្លួនលើឆាកអន្តរជាតិ MGI កាលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ដោយបវរកញ្ញារូបនេះទទួលបានតំណែង 2nd Runner Up នៃកម្មវិធី ខណៈបវរកញ្ញាគ្រងមកុដថ្មីប្រចាំឆ្នាំ ២០២៤ គឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា និង តំណែង 1st Runner Up បានទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន។
បន្ទាប់ពីកម្មវិធីប្រកាសម្ចាស់មកុដថ្មីនេះ លើបណ្ដាញសង្គមកំពុងផ្ទុះចែករំលែកខ្លាំងនូវរឿងក្ដៅគគុកមួយ ដែលក្រោយពេលផ្ទេរមកុដរួច ក៏បានឃើញអ្នកគ្រប់គ្រងកម្មវិធី Miss Grand មីយ៉ាន់ម៉ា (ND Miss Grand Myanmar) បានដោះមកុដពីលើក្បាលបវរកញ្ញារបស់ខ្លួន នៅចំណោមមនុស្សជាច្រើន ព្រមទាំងឱ្យក្រុមការងារលើកបីបវរកញ្ញារបស់ខ្លួនចេញពីឆាកភ្លាមៗ។
ក្រឡេកទៅមើលបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមរបស់ Miss Grand មីយ៉ាន់ម៉ា គឺនាង Thae Su Nyein ដែលជាក្មេងស្រីវ័យ ១៨ ឆ្នាំ ពោរពេញដោយសមត្ថភាពលេចធ្លោខ្លាំង និង មានការរំពឹងខ្ពស់ពីអ្នកគាំទ្រទូទាំងប្រទេសថានឹងក្លាយជាម្ចាស់មកុដ MGI 2024 នេះ ប៉ុន្តែបែរជាមិនមានឱកាសវិញ ដែលធ្វើឱ្យមហាជនខកបំណងចំពោះកម្មវិធី MGI យ៉ាងខ្លាំង។
ជាមួយគ្នានោះដែរ លើហ្វេសប៊ុករបស់បវរកញ្ញា Thae Su Nyein ក្រោយពីមិនទទួលបានជោគជ័យលើឆាក MGI 2024 ដូចការរំពឹងរបស់អ្នកគាំទ្រ ខណៈចប់កម្មវិធីភ្លាម នាងក៏បានបង្ហោះសារមួយឃ្លាបង្ហាញការសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួនថា ៖ «I’m so sorry guys» ដែលមានអត្ថន័យថា «ខ្ញុំសុំទោសអ្នកទាំងអស់គ្នា»។
ក្រោយពីចប់ការប្រកួត ១ ថ្ងៃ និង បានត្រឡប់ទៅកាន់ប្រទេសវិញ Miss Grand មីយ៉ាន់ម៉ា Thae Su Nyein ក៏បានឡាយវីដេអូលើហ្វេសប៊ុកផេករបស់ខ្លួន និយាយជុំវិញរឿងរ៉ាវដែលបានកើតឡើងពីការប្រកួត MGI 2024 ដែលរូបនាងក៏បានបញ្ជាក់ច្បាស់ៗថានាងបានសម្រេចចិត្តបោះបង់ តំណែង 2nd Runner Up នៃកម្មវិធី MGI 2024 ក្រោយចប់ការប្រកួត។
ជាមួយគ្នានោះ កញ្ញា Thae Su Nyein ក៏បានរៀបរាប់ពីមូលហេតុច្បាស់ៗឱ្យដឹងថា ចំពោះការបោះបង់តំណែង 2nd Runner Up នៃកម្មវិធី MGI 2024 នេះ ក៏ព្រោះតែនាងមិនទទួលបាននូវអ្វីដែលសមនឹងទទួល ដែលនាងចង់សំដៅទៅលើពានរង្វាន់ The National Costume និង ពានរង្វាន់ Country Of Power Of The Year ហើយទាំងអស់នោះ គឺមិនមែនដោយសារតែមិនបានគ្រងមកុដនោះទេ ព្រោះនាងមិនមានបញ្ហាជាមួយបងៗបវរកញ្ញាគ្រងមកុដឡើយ គឺនាងស្រឡាញ់បវរកញ្ញាប្រទេសឥណ្ឌា និង ហ្វីលីពីន ណាស់ ដែលពួកគេសុទ្ធតែជាបងប្អូនល្អរបស់នាង គឺនាងពុំមានបញ្ហាអ្វីជាមួយពួកគេឡើយ៕