លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តែងជាព្រះនាងឥន្រ្ទទេវី ដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា»
ជាការពិតណាស់ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី ២ បាន និង កំពុងរៀបចំយ៉ាងអធឹកអធម ដ៏សម្បូរបែបនៅលើទឹកដីនៃប្រាសាទអង្គរវត្តនាថ្ងៃទី ២៩ និង ទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី ២ ដែលប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តសៀមរាប បានធ្វើឱ្យភ្ញៀវជាតិ និង អន្តរជាតិ ក៏ដូចជាអ្នកទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ និង ការ Live ផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និង ព្រឺសម្បុរយ៉ាងខ្លាំង នៃព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអាណាចក្រអង្គរ នៅខាងមុខបរិវេណ ប្រាសាទអង្គរតូច។
ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអាណាចក្រអង្គរនេះដែរ គឺជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី ៧ ដោយមានសិល្បករ-សិល្បការិនី ចូលរួមសម្តែងប្រមាណ ៥០០ នាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តវត្ត។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺតួអង្គព្រះបាទជ័យវរ្ម័នទី ៧ បានដើរតួដោយឧកញ៉ា ខេមរៈ សិរីមន្ត និង ព្រះនាងឥន្ទ្រទេវី ដើរតួដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន។
ដោយឡែក អ្វីដែលជាទស្សនីយភាពដ៏គួរឱ្យទាក់ទាញនោះ គឺវត្តមានរបស់ប្រធានសមាគមសិល្បករខ្មែរ ដោយលោកជំទាវ អ្នកឧកញ៉ា បានបង្ហាញវត្តមានក្នុងការសម្តែងដ៏អស្ចារ្យនេះ ក្រោយពីលោកជំទាវ អ្នកឧកញ៉ា បានបញ្ឈប់អាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ ម្យ៉ាងវិញទៀត ក្នុងការតែងតួជាព្រះនាងឥន្ទ្រទេវី នោះដែរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជាស័ក្តិសម និង ស្រស់សោភាខ្លាំងណាស់៕