វីដេអូត្រឹម ៣ នាទី ឧកញ៉ា ប៊ុន រតនា និង ភរិយា បង្ហាញពីអាណាចក្រខ្មែរសតវត្សរ៍ទី ១២ មើលហើយព្រឺសម្បុរ
បន្ទាប់ពីមហាជនផ្ទុះសរសើរចំពោះដំណើរនៃការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី ១ និង លើកទី ២ ដែលរៀបចំឡើងនៅលើទឹកដីអច្ឆរិយៈ នាខេត្តសៀមរាបហើយនោះ គេក៏បានឃើញមានសិល្បករ សិល្បការិនី និង ប្រជាជនខ្មែរជាច្រើនបានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើបណ្តាញសង្គមជាបន្តបន្ទាប់។
ក្រឡេកទៅមើលអ្នកដឹកនាំសម្តែងដ៏ល្បី គឺឧកញ៉ា ប៊ុន រតនា ហៅ សេម និង ភរិយាជាអតីតតារាស្រី លោកជំទាវ លីឈី ក៏បានចូលរួមក្នុងការផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកដូចគ្នាដែរ ដោយស្វាមីភរិយាអតីតអ្នកសិល្បៈមួយគូនេះ បានផលិតវីដេអូមួយនៅលើទឹកដីប្រាសាទអង្គរតូច បង្ហាញពីអាណាចក្រខ្មែរសតវត្សទី ១២ ។
ក្នុងនោះ ឧកញ៉ា ប៊ុន រតនា និង លោកជំទាវ លីឈី បានផលិតវីដេអូមួយ យោងតាមអត្ថន័យដើម ដកស្រង់ចេញពីបទ «កុលបុត្រមហានគរ» និពន្ធដោយ ឯកឧត្តម ហ៊ុន ហេង ច្រៀងដោយអ្នកនាង ស៊ុន ស្រីពេជ្រ ដោយបានបង្ហាញនូវប្រាង្គប្រាសាទអង្គរវត្ត និង ឈុតនាសម័យមហានគរដ៏អស្ចារ្យ។
មិនត្រឹមតែប៉ុណ្ណោះ វីដេអូរយៈពេលជាង ៣ នាទី នោះដែរ បានធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ ពីទិដ្ឋភាពក្នុងវីដេអូ អមនឹងការអត្ថធិប្បាយយ៉ាងមោះមុតរបស់ឧកញ៉ា ប៊ុន រតនា ទៀតផង៕