អ្នកស្រី ពាន់ ភួងបុប្ឋា អ្នកនិពន្ធរឿង «កូនប្រសាស្រី» សុំចិត្តអ្នកយកមកផុសបន្តរឿងមួយ ក្រោយរឿងនេះផ្ទុះល្បីជាថ្មី
ថ្មីៗនេះ អ្នកនិយមតាមដានទស្សនាខ្សែភាពយន្តភាគតាមរយៈកញ្ចក់ទូរទស្សន៍កាលពីប្រមាណជាង ១០ ឆ្នាំ មុន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ នូវរឿង «កូនប្រសាស្រី» ដែលជាទឹកដៃនិពន្ធ និង គ្រប់គ្រងផលិតដោយអ្នកស្រី ពាន់ ភួងបុប្ឋា។
ក្នុងនោះដែរ ខ្សែភាពយន្តភាគទូរទស្សន៍ «កូនប្រសាស្រី» ត្រូវបានអ្នកស្រី ពាន់ ភួងបុប្ឋា បានយកមកចាក់ផ្សាយជាថ្មីម្តងទៀត តាមរយៈ Chanel Youtube របស់អ្នកស្រី ដែលមានឈ្មោះថា Poan Phoung Bopha Tv និង ត្រូវបានបណ្តាផេកជាច្រើនទៀតយកទៅចែករំលែកបន្តនៅលើបណ្តាញសង្គមនានាមានការផ្ទុះការទស្សនាយ៉ាងខ្លាំង។
ដោយឡែក ក្រោយពីផ្ទុះការចែកចាយបន្ត តាមរយៈការបង្ហោះឡើងវិញពីបណ្តាផេកជាច្រើនហើយនោះ អ្នកស្រី ពាន់ ភួងបុប្ឋា ក៏បានបង្ហោះសារសំណូមពរ ដល់អ្នកចែកចាយបន្តជួយដាក់កម្មសិទ្ធិបញ្ញាដល់អ្នកនិពន្ធផង។
សារទាំងស្រុងរបស់អ្នកស្រី ពាន់ ភួង បុប្ឋា បានរៀបរាប់ថា៖ «ជម្រាបសួរប្រិយមិត្ត និង អ្នកទស្សនាទាំងអស់គ្នា! សូមអរគុណ ដែលតែងតែតាមដាន និង គាំទ្ររាល់ខ្សែភាពយន្តរបស់នាងខ្ញុំកន្លងមក ។ ដោយសារមួយរយៈនេះ ខ្ញុំសង្កេតឃើញថាមានផេករបស់ក្មួយៗ មួយចំនួនបានថតចម្លងវីដេអូរឿង «កូនប្រសាស្រី» យកទៅផ្សព្វផ្សាយជាច្រើន ដូច្នេះខ្ញុំសូមសំណូមពរឱ្យក្មួយៗ ដែលបានយកវីដេអូ រឿង «កូនប្រសាស្រី» យកផ្សាយបន្តជួយដាក់កម្មសិទ្ធិបញ្ញាឱ្យម្ចាស់ដើមផង និង អរគុណដល់ក្មួយៗ ដែលបានដាក់រួចហើយ។
ជាចុងបញ្ចប់ សូមជូនពរឱ្យអ្នកទស្សនា និង គាំទ្រស្នាដៃនាងខ្ញុំឱ្យជួបតែសំណាងល្អ និងរកទទួលទានមានបាន ហើយក៏សូមអរគុណចំពោះការគាំទ្ររាល់ស្នាដៃ ដែលនាងខ្ញុំបានផលិត ហើយសូមបន្តគាំទ្រទស្សនាខ្សែភាពយន្តថ្មីៗនឹងមានចាក់ជាបន្តបន្ទាប់។ សូមរីករាយតាមដានទស្សនា»៕