(វីដេអូ) ព្រឺសម្បុរ! ព្រះនាងតូច ចេនណា ច្រៀងគោកបទ «នគររាជ» យ៉ាងគ្រលួចក្នុងពិធីបើកកីឡាជាតិយប់មិញ
កាលពីល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ពិធីបើកកីឡាជាតិលើកទី ៤ និង កីឡាជនពិការជាតិលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំយ៉ាងរលូន និង ពោរពេញដោយការសម្តែងយ៉ាងអស្ចារ្យពីសំណាក់សិល្បករ សិល្បការិនីជាច្រើនរូប។
ក្នុងនោះ ដំណើរនៃការបើកព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះ បានធ្វើឱ្យមហាជនចូលរួមទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង តាមការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ព្រមទាំងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរំភើបចិត្តយ៉ាងខ្លាំង ព្រោះមានផ្ទាំងទស្សនីយភាពល្អអស្ចារ្យជាច្រើនបានបង្ហាញ។
ដោយឡែក ក្នុងចំណោមទស្សនីយភាពដ៏អស្ចារ្យជាច្រើន មហាជនអ្នកទស្សនាផ្ទាល់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក និង អ្នកទស្សនានៅតាមគេហដ្ឋានបានចាប់អារម្មណ៍នឹងការបង្ហាញព្រះភ័ក្ត្ររបស់ ព្រះនាងតូច នរោត្តម ចេនណា នៅកណ្តាលវេទិកានាពិធីបើកកីឡាជាតិលើកទី ៤ និង កីឡាជនពិការលើកទី ២ នេះដែរ។
វត្តមានរបស់ ព្រះនាងតូច នរោត្តម ចេនណា បានធ្វើឱ្យអ្នកទស្សនានៅតាមគេហដ្ឋាន និង នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកផ្ទាល់ព្រឺសម្បុរ បន្ទាប់ពីបានស្ដាប់សំឡេងព្រះនាងតូច បានបន្លឺឡើងយ៉ាងគ្រហឹមបកស្រាយបទ «នគររាជ» ដោយផ្ទាល់ ដោយពុំមានភ្លេង។
ម្យ៉ាងវិញទៀត ក្រោយបញ្ចប់ភារកិច្ចសម្តែងចប់ ព្រះនាង នរោត្តម ចេនណា បានបង្ហាញពាក្យពេចន៍ចេញពីព្រះហរទ័យនៅលើផេកហ្វេសប៊ុកផ្លូវការថា៖ «ថ្ងៃនេះ ជាថ្ងៃ ដែលខ្ញុំរំភើបរហូតស្រក់ទឹកភ្នែកនៅពេលខ្ញុំបានឈរច្រៀង បទនគររាជ នៅក្នុងកម្មវិធីដ៏ធំរបស់ជាតិ ហើយនៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ តាំងពីតូចរហូតមកដល់អាយុ ១២ ឆ្នាំ នេះ ខ្ញុំតែងតែស្រមៃថានៅថ្ងៃណាមួយ ខ្ញុំបានឈរច្រៀងចម្រៀងជាតិនៅក្នុងពិធីរបស់ជាតិ។ ថ្ងៃនេះក្តីស្រមៃបានដូចបំណងហើយ! ក្នុងនាមខ្ញុំជាសិល្បករមួយរូប និង ជាទូតសុឆន្ទៈសហព័ន្ធកីឡារាំកម្ពុជា ខ្ញុំសូមគោរពថ្លែងអំណរគុណ សម្តេចធិបតី នាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាការរៀបចំមហាព្រឹត្តិការណ៍កីឡាជាតិដ៏ធំនេះឡើង ពិសេសឯកឧត្តម វ៉ាត់ ចំរើន និង ក្រុមការងារមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការរៀបចំ។ សូមគោរពជូនពរសម្តេចប្រមុខ និងថ្នាក់ដឹកនាំទាំងអស់មានសុខភាពល្អ អាយុយឺនយូរ និង ប្រកបដោយសេចក្តីសុខចម្រើនគ្រប់ប្រការ»៕