ការវិភាគលើកាមេរ៉ាសុវត្ថិភាព Liam Payne អាចស្លា.//ប់ដោយឧបទ្ទវហេតុ មិនមែនការធ្វើអត្ត./ឃាតទេ
កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មាន Page Six បានចេញផ្សាយថា ប៉ូលិសប្រទេសអាហ្សង់ទីនបានប្រមូលវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតជាប់សកម្មភាពរបស់តារាចម្រៀង Liam Payne សន្លប់ធ្លាក់ពីយ៉បន្ទប់ជាន់ទី ៣ នៃសណ្ឋាគារដែលលោកស្នាក់នៅរហូតបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
តាមព័ត៌មានបានបន្ថែមទៀតថា វីដេអូកាមេរ៉ាសុវត្ថិភាពដែលប្រមូលបាននោះគឺស្ថិតនៅជ្រុងតម្រង់ចំបន្ទប់របស់ Liam Payne តែម្ដង ហើយទិដ្ឋភាពទាំងស្រុងនៃមុន និង ក្រោយលោកធ្លាក់ពីលើសណ្ឋាគារនោះក៏ថតជាប់ស្ដែងៗដូចគ្នា។ យ៉ាងណាមិញ វីដេអូដែលប៉ូលិសប្រមូលបាននោះមិនត្រូវបានទម្លាយឱ្យសារព័ត៌មានបានឃើញនោះទេ ដោយសារតែវាជាភស្តុតាងដ៏សំខាន់ក្នុងការបញ្ជាក់ពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យអតីតសមាជិកក្រុម One Direction រូបនេះបាត់បង់ជីវិតទាំងវ័យក្មេង។
សារព័ត៌មាន Page Six បានស្រង់សម្ដីរបស់ប្រភពមួយដែលបានរៀបរាប់ថា៖ «ប្រសិនបើ Liam Payne ដួលសន្លប់ជិតគ្រែគេង នោះលោកអាចនឹងដួលទៅលើគ្រែ ប៉ុន្តែជាអកុសល លោកឈរនៅយ៉ខាងក្រៅហើយក៏ជួបប្រទះហេតុការណ៍អាក្រក់នេះតែម្ដង។ លោកមិនបានសម្លាប់ខ្លួនឯងនោះឡើយ ហេតុការណ៍ដែលបានកើតឡើងគឺជាឧបទ្ទវហេតុ»។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរប្រចាំប្រទេសអាហ្សង់ទីននៅតែបន្តស៊ើបអង្កេតលើករណីនេះដោយវិភាគទិន្នន័យទទួលបានពីទូរស័ព្ទ កុំព្យូទ័រ និង កាមេរ៉ាសុវត្ថិភាពជុំវិញសណ្ឋាគារដើម្បីបញ្ជាក់ឱ្យច្បាស់ការលើករណីបាត់បង់ជីវិតភ្លាមៗរបស់ Liam Payne។ ដូច្នេះហើយ សាកសពរបស់ Liam គឺនៅមិនទាន់អាចប្រគល់ជូនក្រុមគ្រួសារលោកបាននៅឡើយទេ ហើយបើតាមប្រភពមួយចំនួនលើកឡើងថា ខាងជំនាញត្រូវការពេលវេលាមួយចំនួន យ៉ាងហោចណាស់ ១០ ថ្ងៃមុនពេលក្រុមគ្រួសារអាចនាំយកសាកសពរបស់លោកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
គួររំឭកថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មហាជនជាច្រើនស្ទើរពាសពេញពិភពលោកមានការតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងថា តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពទៅហើយទាំងវ័យត្រឹម ៣១ ឆ្នាំ ដោយសារធ្លាក់ចុះពីយ៉ជាន់ទី ៣ នៃសណ្ឋាគារ CasaSur Palermo នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ការធ្លាក់ពីទីដ៏ខ្ពស់នេះបានធ្វើឱ្យ Liam Payne ស្លាប់នៅនឹងកន្លែងដោយសារតែរបួសធ្ងន់ធ្ងរខ្លាំងក្លាពេក៕
ប្រភព៖ Page Six