ឃើញសង្ហាវ័យក្មេង Key មិនត្រឹមតែជាតារាចម្រៀង តែជាសាស្ត្រាចារ្យបង្រៀននិស្សិតនៅសាកលវិទ្យាល័យមួយនៅភ្នំពេញ
ប្រិយមិត្តដែលឃើញ Key នៅលើបណ្តាញសង្គម ច្រើនតែស្គាល់លោកជាតារាចម្រៀង ដោយប៉ុន្មានខែចុងក្រោយនេះ លោកផ្ទុះការគាំទ្រជាមួយការចេញបទចម្រៀង ដែលជាស្នាដៃនិពន្ធផ្ទាល់ខ្លួនដូចជាបទ «better tomorrow», បទ «enough of this», បទ «something is wrong with me» និង បទ «ពាក្យសម្តី» ជាដើម។ ឃើញរូបសង្ហា ជាតារាចម្រៀង ក្រៅពីអាជីពមួយនេះ Key ក៏ត្រូវបានគេដឹងថាលោកជា សហគ្រិនវ័យក្មេង មានចំណេះដឹងខ្ពស់ និង ជាសាស្ត្រាចារ្យបង្រៀននិស្សិតនៅសាកលវិទ្យាល័យផងដែរ។
Key មានឈ្មោះពិត អ៊ូ តុងហួរ ជាសហគ្រិន ជាស្ថាបនិក វេទិកាអប់រំ DEI Forum Cambodia ជាសហស្ថាបនិកហាងសម្លៀកបំពាក់ Attire Lounge ហាងកាហ្វេ Cuffeine: Plant-based Coffee និង បណ្ណាល័យ The Reading Lounge Library។ ទាក់ទិនប្រវត្តិការសិក្សា តាមរយៈគណនី LinkedIn ឆ្នាំ ២០១២ – ២០១៦ Key បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Limkokwing University of Creative Technology។ នៅឆ្នាំ ២០១៧ លោកបានចូលកម្មវិធីសិក្សា YSEALI Academic Fellowship Spring 2017 សិក្សាទៅលើផ្នែកសហគ្រិនភាពសង្គម និង អភិវឌ្ឍន៍សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ University of Connecticut នៅសហរដ្ឋអាមេរិក។
ពីឆ្នាំ ២០១៩-២០២១ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក សហគ្រាសសង្គម នៅសាកលវិទ្យាល័យ American University School of International Service នៅសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ ២០២១ មក លោកជាសាស្ត្រាចារ្យបង្រៀននិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ លើសពីនេះ លោកក៏ជាអ្នកប្រឹក្សាឯករាជ្យទៅលើគម្រោងផ្សេងៗទៀតផង។
បច្ចុប្បន្ន ទន្ទឹមនឹងការបង្រៀននៅសាកលវិទ្យាល័យ ឃើញថា Key ហាក់សកម្មនៅលើបណ្តាញសង្គមជាមួយអាជីពចម្រៀង និង ជំនួញមួយចំនួនដែលលោកកំពុងធ្វើរួមគ្នាជាមួយដៃគូ ជាពិសេស ដៃគូ លោក ប៉េងអាន ដែលរមែងបង្ហោះវីដេអូខ្លីៗទាក់ទងនឹងអាជីវកម្មហាងសម្លៀកបំពាក់ ហាងកាហ្វេ និង ចុងក្រោយនេះបណ្ណាល័យ ដែលទើបបើកថ្មីថ្មោង ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់៕