ផ្អើលហ្វេន! Melia ឆក់បានតំណែងតួឯកកុនខ្នាតធំមួយទៀត ប៉ះតួប្រុសសង្ហា អ៊ឹងហាវ ឯចំណងជើងរឿងព្រឺព្រួចណាស់
មួយរយៈចុងក្រោយនេះ ស្រីស្អាតកូនខ្មែរកាត់បារាំង Melia Constantin ដែលជាតារាសម្ដែង និង តារាម៉ូឌែលដ៏មានប្រជាប្រិយភាព ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមចាប់អារម្មណ៍ និង សរសើរខ្លាំងពីសកម្មភាពលើវិស័យសិល្បៈរបស់នាង។
ពិតណាស់ បច្ចុប្បន្ន Melia Constantin ហាក់មានសន្ទុះទីផ្សារសិល្បៈកាន់តែខ្លាំង ដោយនាងបានក្លាយទៅ BA របស់ក្រុមហ៊ុនល្បីៗជាច្រើន ព្រមទាំងពេលនេះ បានបោះជំហានក្នុងវិស័យសម្ដែងយ៉ាងពេញទំហឹង ដោយលេចវត្តមានរបស់នាងក្នុង MV និង ភាពយន្តខ្មែរបន្តបន្ទាប់។
ជាក់ស្ដែង កាលពីមួយរយៈកន្លងទៅ Melia ក្ដោបបានឱកាសសម្ដែងជាតួឯកស្រីជាលើកដំបូងក្នុងខ្សែភាពយន្តខ្នាតធំមួយ គឺរឿង «ប្រវត្តិស្នេហ៍នាងនាថ» ប៉ះជាមួយនឹងតារាសម្ដែងប្រុសមីយ៉ាន់ម៉ា Paing Takhon ដែលភាពយន្តនេះមានសន្ទុះនៃការគាំទ្រខ្លាំង និង ទទួលបានការសរសើរពីស្នាដៃសម្ដែងដ៏មានទេពកោស្យរបស់នាង ព្រមទាំងតួអង្គផ្សេងៗទៀត។
មកដល់ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ចំពោះ តារាស្រីកូនកាត់ Melia Constantin ខណៈបានឃើញនាងក្ដោបបានតំណែងជាតួឯកស្រីក្នុងភាពយន្តខ្នាតធំមួយទៀតប៉ះជាមួយដៃគូថ្មី គឺជាតារាប្រុសវ័យក្មេងលោក អ៊ឹងហាវ ក្នុងភាពយន្តខ្នាតធំថ្មីមួយមានចំណងជើងថា «កំហឹងធ្មប់» ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រ និង រង់ចាំទស្សនាស្នាដៃសម្ដែងរបស់អ្នកទាំងពីរឆាប់ៗផងដែរ៕