អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការ ៥ ឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន
មួយប៉ប្រិចភ្នែកសោះ អ្នកផលិតមាតិកាម្ហូបដ៏ល្បី អ្នកនាង ឡុង ម៉ូនីកា និង ស្វាមីជនជាតិអាល្លឺម៉ង់ Michael បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយគ្នារយៈពេល ៥ ឆ្នាំមកហើយ ដោយគូស្វាមីភរិយាខុសសញ្ជាតិមួយគូនេះ បានរៀបការជាមួយគ្នានៅលើទឹកដីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ ហើយបើគិតមកដល់ឆ្នាំ ២០២៤ នេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធរយៈពេល ៥ ឆ្នាំហើយ។
ពិតណាស់ កូនខ្មែរកំពុងរស់នៅទឹកដីប្រទេសអាល្លឺម៉ង់រូបនេះ បានសម្រេចចិត្តរៀបការជាមួយស្វាមីតាំងពីអាយុ ១៨ ឆ្នាំមកម្ល៉េះ ហើយបើនិយាយដល់ប្រវត្តិស្នេហារបស់អ្នកទាំងពីរ ពួកគេបានជួបគ្នានៅប្រទេសថៃ កាលនោះ អ្នកនាង ឡុង ម៉ូនីកា ចាប់អារម្មណ៍ស្វាមីខ្លាំងត្រង់លោកចេះនិយាយខ្មែរ។
បន្ទាប់ពីទាក់ទងគ្នាមួយរយៈ Michael បានសុំអ្នកនាង ម៉ូនីកា រៀបការ ហើយពួកគេបាននាំគ្នាទៅរស់នៅប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នអ្នកផលិតមាតិកាម្ហូបដ៏ល្បីរូបនេះ ក៏កំពុងបន្តការសិក្សាបន្ថែមនៅទីនោះផងដែរ។
ដ្បិតថាគូស្វាមីភរិយាមួយរូបនេះ បានរៀបការក្លាយជាប្ដីប្រពន្ធច្រើនឆ្នាំមែន ប៉ុន្ដែមកដល់ពេលនេះ អ្នកទាំងពីរនៅមិនទាន់សម្រេចចិត្តយកកូននៅឡើយ ដោយអ្នកនាង ម៉ូនីកា ធ្លាប់បានលើកឡើងថា អ្នកទាំងពីររៀបការព្រោះក្ដីស្រឡាញ់ ហើយក៏ជាប្រពៃណីមួយរបស់ខ្មែរ តែការសម្រេចចិត្តយកកូន ពួកគេមិនទាន់ប្រញាប់ទេ ពួកគេចង់សាងសុភមង្គល និង ត្រៀមខ្លួនឱ្យបានរួចរាល់ជាមុនសិន ម្យ៉ាងពេលនេះ ពួកគេក៏នៅក្មេង ដោយអ្នកនាង ម៉ូនីកា ទើបអាយុ ២៣ ឆ្នាំ ចំណែកស្វាមីទើបមានអាយុ ២៦ ឆ្នាំ។
លើសពីនេះ អ្នកនាង ម៉ូនីកា បានលើកឡើងថា ការធ្វើជាឪពុកម្ដាយគេ មិនមែនជារឿងងាយស្រួយទេ ដូច្នេះអ្នកនាង និង ស្វាមីចង់រៀបចំអ្វីៗឱ្យបានរួចរាល់ ដើម្បីក្លាយជាឪពុកម្ដាយគេ៕