ជិតចូលរោងការ រ៉េត សារីតា ប្រាប់ពីអត្តចរិតអនាគតស្វាមីបរទេស ដោយក្ដីស្រឡាញ់ស្ញប់ស្ញែងខ្លាំង
និយាយពីជីវិតស្នេហារបស់បវរកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានគូស្នេហ៍ជនជាតិបរទេស Surprise សុំនាងរៀបការយ៉ាងរ៉ូមែនទិកនៅលើកំពូលភ្នំប្រទេស New Zealand ដែលបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្ត និង រំពឹងចង់ឃើញអ្នកទាំងពីរចូលរោងការឆាប់ៗ។
ក្រោយពីត្រូវបានគូស្នេហ៍សុំរៀបការហើយនោះ កញ្ញា រ៉េត សារីតា ក៏បានប្រាប់មកកាន់ «ប្រជាប្រិយ» ដែរថា កញ្ញា និង គូស្នេហ៍ជនជាតិអាមេរិកកាត់អាហ្សង់ទីនរូបនេះ គឺបានចុះអ៊ីតាស៊ីវិលនឹងគ្នារួចរាល់ហើយ រីឯមង្គលការអ្នកទាំងពីរនឹងគម្រោងធ្វើឡើងនៅចុងឆ្នាំក្រោយ។
យ៉ាងណាមិញ មិនយូរដូចការរំពឹងទុកនោះឡើយ ថ្មីៗកន្លងទៅ រ៉េត សារីតា បានដឹកដៃគូស្នេហ៍គឺលោក Tomas Gimenez ទៅថតរូបស្លៀកឈុតប្រពៃណីកូនកំលោះក្រមុំ យ៉ាងស្រស់សោភា សមសួនទាំងគូ ដែលធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរកំពុងត្រៀមវេលាល្អចូលរោងការឆាប់ៗខាងមុខនេះ។
ដោយឡែក ស្របពេលជិតក្លាយជាកូនក្រមុំក្នុងរោងជ័យនេះដែរ ថ្មីៗនេះ រ៉េត សារីតា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងចំពោះគូដណ្ដឹងរូបសង្ហាជនជាតិបរទេសរបស់នាង គឺលោក Tomas Gimenez ដែលនាងបង្ហោះសារមួយលើកនិយាយពីអនាគតស្វាមីរូបនេះដោយក្ដីគោរពស្រឡាញ់ និង ហាក់ស្ងប់ស្ងែងខ្លាំងពីអត្តចរិត និង ភាពថ្លៃថ្នូរដ៏សែនល្អរបស់លោក។
សារនោះ បវរកញ្ញា រ៉េត សារីតា បានសរសេររៀបរាប់ថា ៖ «មនុស្សដែលមានគុណធម៌ សីលធម៌ វិន័យខ្ពស់ គឺបរុសម្នាក់នេះហើយ គាត់ជាគំរូដ៏ល្អសម្រាប់ខ្ញុំ គោរពស្រឡាញ់ម្នាក់នេះណាស់ អរគុណសម្រាប់គ្រប់យ៉ាង»៕