ទម្លាយប្រវត្តិម្ចាស់ផលិតកម្ម Sastra Film មុនផលិតភាពយន្តខ្មែរហក់ដល់កម្រិតស្តង់ដារខ្ពស់ដូចសព្វថ្ងៃ
មួយរយៈចុងក្រោយ ផលិតកម្មសាស្ត្រាហ្វៀម (Sastra Film) បានបញ្ចេញរឿងដុំជាបន្តបន្ទាប់ ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ មួយចំណោមរឿងដុំចុងក្រោយ គឺរឿង «គាស់ផ្នូរ» ត្រូវបានមហាជនគាំទ្រ និង សរសើរយ៉ាងខ្លាំង ទាំងការថត ការសម្តែង ក៏ដូចជាបច្ចេកទេសផ្សេងៗសឹងថាគ្មានកន្លែងទាស់។ ខណៈផលិតកម្មផលិតខ្សែភាពយន្តកាន់តែរីកចម្រើនឡើង យើងសូមបកក្រោយបន្តិចអំពីប្រវត្តិរបស់ស្ថាបនិក និង ជានាយិកានៃផលិតកម្មនេះ នោះគឺ អ្នកនាង ប៊ុន ចាន់និមល។
មុនចូលប្រឡូកក្នុងពិភពសិល្បៈភាពយន្ត អ្នកនាង ប៊ុន ចាន់និមល មានដើមកំណើតមកពីកម្ពុជាក្រោម ជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើត ៧ នាក់នៃគ្រួសារ ដែលមានជីវភាពលំបាក។ ក្នុងយុវភាព អ្នកនាងត្រូវសិក្សាផង ធ្វើការផង តាំងពីនៅសិក្សាថ្នាក់ទី១០ ដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ដោយឡែក ពាក់ព័ន្ធនឹងសិល្បៈភាពយន្ត អ្នកនាងចូលចិត្តទស្សនាភាពយន្តទូរទស្សន៍តាំងពីនៅវ័យកុមារម្ល៉េះ។ កាលនោះដោយសារនៅផ្ទះពុំមានទូរទស្សន៍ អ្នកនាងត្រូវទៅអង្គុយមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង។
លុះចម្រើនវ័យកាន់តែធំដឹងក្តី អ្នកនាងក៏មានចំណង់ចំណូលចិត្តនិពន្ធសាច់រឿងដោយខ្លួនឯង ប៉ុន្តែពុំទាន់មានឱកាសបញ្ចេញសាច់រឿងទាំងនោះជាសាធារណៈឡើយ ព្រោះទីផ្សារភាពយន្តក្នុងស្រុកជំនាន់នោះនៅមានកម្រិតនៅឡើយ។ ទោះបីជាយ៉ាងនេះក្តី ក៏អ្នកនាងមិនបោះបង់ក្តីស្រមៃខាងភាពយន្តនេះដែរ។ អ្នកនាងធ្លាប់និពន្ធសាច់រឿងភាពយន្តឱ្យស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បានមួយរឿងដែរ ប៉ុន្តែក្រោយមក អ្នកនាងបានចូលប្រឡូកខាងផ្នែកតែងនិពន្ធបទចម្រៀង និង ដឹកនាំវីដេអូបទចម្រៀងឱ្យផលិតកម្មក្នុងស្រុក មុននឹងសម្រេចចិត្តបង្កើតឱកាសបំពេញក្តីសុបិនខ្លួនឯងតាមរយៈការបង្កើតផលិតកម្ម Sastra Film ក្នុងគោលបំណងដើម្បីផលិតភាពយន្តខ្មែរ ប្រកបដោយគុណភាពទាំងការនិពន្ធ និង ការដឹកនាំ។
ជំហានដំបូងនៅក្នុងឆ្នាំ ២០១៥ អ្នកនាង ប៊ុន ចាន់និមល បានបង្កើតផលិតកម្មសាស្ត្រាហ្វៀម (Sastra Film) ដោយចេញផ្សាយរឿងខ្លីអប់រំដំបូងបំផុតក្រោមចំណងជើងថា «ប៉ាប៉ា»។ ដោយគ្មានលទ្ធភាពគ្រប់គ្រាន់ អ្នកនាងបានដាក់បញ្ចាំម៉ូតូយកដើមទុន ១០០០ ដុល្លារ ដើម្បីថតភាពយន្តខ្លីនេះ ខណៈដែលគ្រានោះអ្នកនាងទើបតែសម្រាលបុត្រដំបូងបានប៉ុន្មានខែ រីឯម្តាយបង្កើតក៏កំពុងរងគ្រោះដោយសារជំងឺមហារីក។
ក្រោយមកផលិតកម្មនេះបានវិវឌ្ឍសហការផលិតភាពយន្តភាគជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុក ហើយនៅឆ្នាំ ២០១៩ ក៏បានវិនិយោគលើមាតិកាភាពយន្តខ្លីប្រភេទថ្មីទៀត គឺភាពយន្តជីវិត (Life Film), ប្រភេទភាពយន្តភាគខ្លី ខ្សែរឿងជីវិត (Life Series) ក្នុងឆ្នាំបន្ទាប់ និង ប្រភេទរឿងភាគបុរាណ (Boran Series) ផងដែរ។
មកដល់ដើមឆ្នាំ ២០២១ ផលិតកម្មនេះបានសម្រេចសមិទ្ធផលថ្មីសន្លាងមួយទៀតក្នុងឧស្សាហកម្មភាពយន្តសម័យទំនើបគឺ Sastra Film App ដែលជាកម្មវិធីឌីជីថលអាចឱ្យទស្សនិកជនជាវទាញយកប្រើប្រាស់ដើម្បីទស្សនាភាពយន្ត ហើយក៏ទន្ទឹមគ្នានឹងការផលិតភាពយន្តដុំជាបន្តបន្ទាប់ប្រកបដោយកម្រិតស្តង់ដារខ្ពស់ ចាក់បញ្ចាំងនៅតាមរោងភាពយន្តផ្ទុះការគាំទ្រមកដល់សព្វថ្ងៃ៕