សំងំហាត់ ៦ ខែ អេដវីន ត្រឡប់មកជាថ្មី ត្រៀមខ្លួនប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ IFBB នៅបាងកក
ក្រោយជួបព្យុះភ្លៀងរឿងរ៉ាវជីវិតជាច្រើន រហូតសឹងថាធ្លាក់ដល់ចំណុចសូន្យ ឥលូវនេះ តារាសម្តែង រាងរៅសាច់ដុំសង្ហាមាំ អេដវីន ឬមានឈ្មោះពិត យិត មាសឧស្សាហ៍ បានត្រលប់មកជាថ្មីក្នុងវិស័យប្រកួតបុរសឯក និង កាយវប្បកម្ម។ ជាក់ស្តែង អេដវីន នឹងចូលរួមប្រកួតក្នុងកម្មវិធី IFBB (international Fitness and Bodybuilding) នៅថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។
តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Misters of Cambodia ឬ បុរសឯកកម្ពុជា អេដវីន បានហ្វឹកហាត់ត្រៀមរយៈពេល ៦ ខែមុនកម្មវិធីប្រកួតដើម្បីដំឡើង និង សម្រកគីឡូ។ កម្មវិធីដែលលោកនឹងចូលប្រកួតនេះ ផ្តោតទៅលើបុរសដែលមានរូបរាងកាយសាច់ដុំមាំមួន គួបផ្សំជាមួយមុខមាត់សម្រក ស្រស់ស្អាត ដើម្បីទាក់ទាញពិន្ទុពីគណៈកម្មការ គ្រប់វិញ្ញាសាប្រកួត។ បេក្ខជនត្រូវតែតម្រូវឱ្យមានសាច់ដុំស្ងួត ដែលមានជាតិខ្លាញ់ក្នុងខ្លួនតិចបំផុត។
តាមការហាត់យករាង ឃើញថា អេដវីន ពិតជាបានដំឡើង និង សម្រកសាច់ដុំ ត្រលប់មកវិញជាមួយរាងកាយមាំមួន រាងរៅសង្ហា ស័ក្តិសមនឹងអ្វីដែលកម្មវិធីត្រូវការ។ ជាមួយគ្នានេះ មហាជននៅលើបណ្តាញសង្គមក៏បង្ហាញការភ្ញាក់ផ្អើល ដោយ Comment សរសើរ និង ជូនពរលោកជាហូរហែផងដែរ។
គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួតនេះ ការប្រកួតពេលព្រឹកអ្នកដែលទទួលបានលេខ ១ ក្នុងការប្រកួតជម្រុះក្នុងស្រុក(Bangkok regional Certified) ទើបមានសិទ្ធិដើម្បីទៅចូលរួមប្រកួតជាមួយអ្នកលេខ ១ ពីប្រទេសផ្សេងៗ ដើម្បីទទួលបាន (Professional Card Certified) ទើបមានសិទ្ធិទៅប្រកួតយកឈ្មោះពីស្ថាប័ន IFBB (Qualified) ដើម្បីមានសិទ្ធិចូលជាកីឡាករលំដាប់ថ្នាក់ពិភពលោករបស់ Mr Olympia (US)។ កម្មវិធីនេះ ប្រុសស្អាតសាច់ដុំ អេដវីន នឹងប្រកួតលើពីរវិញ្ញាសា ដែលវិញ្ញាសាទី ១ បេក្ខជនកម្ពស់ 173 -178 cm ផ្តោតទៅលើសាច់ដុំផ្នែកខាងលើ (Men’s Physique) និង វិញ្ញាសាទី ២ បេក្ខជនកម្ពស់ 173-178 cm ផ្តោតទៅលើសាច់ដុំទាំងលើ ទាំងក្រោម (Classic Physique)៕